ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនសង្ស័យ៤នាក់លួចម៉ូតូពលរដ្ឋមិនបានសម្រេចត្រូវសមត្ថកិច្ចតាមទាន់ឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៦និង០០នាទី នៅចំណុចភូមិព្រៃថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

    មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡូញ លន ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនឌីខេ មានទីលំនៅភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ចំណែកជនសង្ស័យចំនួនសរុប៤នាក់ ឃាត់ខ្លួនបានម្នាក់ឈ្មោះ អ៊ុច សុខខេង ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិល្វា សង្កាត់ កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណេកជនសង្ស័យ៣នាក់ទៀតពុំស្គាល់អត្តសញ្ញាណ(រ ត់គេចខ្លួន) ។

      ប្រភព​ដដែលបន្តថា នៅថ្ងៃ​កើតហេតុ​ខាងលើ​  ជនរងគ្រោះជាម្ចាស់ម៉ូតូបានទុកម៉ូតូរបស់ខ្លួនទុកនៅខាងមុខផ្ទះ ដោយជាប់សោរនៅនឹងម៉ូតូផងដែរ ។ លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែក្រុមជនសង្ស័យខាងលើបានជិះរថយន្តមួយគ្រឿង ដោយជនស​ង្ស័យឈ្មោះ​ អ៊ុច សុខខេង បានចុះពីលើរថយន្ត រួចដើរមកសំដៅទៅម៉ូតូជនរងគ្រោះ ហើយក៏ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះជិះឆ្ពោះចេញទៅទិសខាងកើត ពេលនោះជនរងគ្រោះឃើញក៏ស្រែកឆោឡោ ដល់ប្រជាពលរដ្ឋជិតខាងបាននាំគ្នាជិះម៉ូតូដេញតាមរហូតដល់ក្នុងក្រុមហ៊ុន 7NG ជនសង្ស័យបានផ្ដួលម៉ូតូចោល ហើយរត់ចូលក្នុងទឹកបឹង ពេលនោះកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋជាច្រើននាក់បានចាប់ឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីចាត់ការតាមនីតិវិធី។ចំពោះក្រុមជនសង្ស័យ៣នាក់ទៀត បានជិះរថយន្តគេចខ្លួនបាត់តែម្ដង៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖