ព័ត៌មានទាន់ហេតុការណ៍៖

៩១% សិស្សនិស្សិតចិនចាប់ពីអាយុ ១២ឆ្នាំបានចាក់វ៉ាក់សាំងគ្រប់គ្នាចំនួនពីរដូស

ចែករំលែក៖

ចិនបានជំរុញការចាក់វ៉ាក់សាំងដល់កុមារមានអាយុចាប់ពី១២ឆ្នាំឡើងដោយបារម្ភខ្លាចមានករណីឆ្លងកូវីដ-១៩ នៅក្នុងសាលារៀន។
ក្រសួងអប់រំចិន MOE បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ខែកញ្ញា មានសិស្សដល់ទៅ៩១% មានអាយុចាប់ពី១២-១៧ឆ្នាំបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួនពីរដូស។ ក្រសួងសុខាភិបាលចិនក៏បានអំពាវនាវដល់បណ្តាសាលារៀននានាត្រូវបង្កើនសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ឱ្យបានល្អបំផុត ពិសេសក្នុងពេលឈប់សម្រាកបុណ្យសែនព្រះខែ។
តាមការប្រកាសរបស់គណៈកម្មាធិការសុខាភិបាលចិន បានបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែកញ្ញា មានករណីឆ្លងរាលដាលកូវីដ-១៩ នៅក្នុងសាលាបឋមសិក្សា នៅទីក្រុង Putian ខេត្ត Fujianភាគខាងកើតនៃប្រទេសចិន ។ ការរកឃើញនៅក្នុងសាលារៀននេះគឺក្រោយពីមានករណីផ្ទះនៅក្នុងទីក្រុងនេះបាន១០ថ្ងៃ។ ពលរដ្ឋនៅក្នុងទីក្រុង Putian ប្រមាណជាង ៤,៥លាននាក់ត្រូវធ្វើតេស្តទាំងអស់ ។
តាមការលើកឡើងរបស់មន្ត្រីសុខាភិបាលទីក្រុង Putianបានឱ្យដឹងថា ពាក់ព័ន្ធនឹងសាលារៀន មកទល់ពេលនេះមានកុមារ២០នាក់ហើយក្រោមអាយុ១២ឆ្នាំបានឆ្លងកូវីដ-១៩។ នៅថ្ងៃទី១៥ខែកញ្ញា ចិនបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៥០នាក់ថ្មី គឺស្ថិតនៅក្នុងខេត្ត Putian ទាំងអស់ ។ នេះជាថ្ងៃទីពីរហើយដែលទីក្រុងនេះមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់៥០នាក់ ។ ក្នុងរយៈពេល៥ថ្ងៃកន្លងមក ខេត្ត Fujian មានករណីឆ្លងកូវីដ-១៩សរុប១៥២នាក់ហើយ។
សរុបនៅទូទាំងប្រទេសចិនគិតត្រឹមថ្ងៃទី១៥ខែកញ្ញា មានករណីឆ្លងកូវីដ -១៩ សរុប ៩៥.៤១៣នាក់ និងស្លាប់៤៦៣៦នាក់៕

ដោយ៖ធីរីណា(រូបថត៖ THX/VNA)


ចែករំលែក៖