ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ៖ អបអរ​សាទរ​«ទិវាអូហ្សូនពិភពលោក» និង​ដាំកូនឈើ​នៅព្រៃសង្ឃរុក្ខាវ័ន្ធ​

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ៖ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ​ បានឱ្យដឹងថា​ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត​ឧត្ដរមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញ​ជាអធិបតី​ភាព ក្នុងពិធីប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ បានជួយថែរក្សាយើង ម្ហូបអាហារ និងវ៉ាក់សាំងរបស់យើងឱ្យត្រជាក់ » (Montreal Protocol-Keeping us, our food and vaccines cool) និង​ដាំកូនឈើ នៅក្នុងបរិវេណព្រៃសង្ឃរុក្ខាវ័ន្ធ។​

រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ​ បានឱ្យដឹងទៀតថា​ ថ្ងៃនេះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយបណ្តារដ្ឋាភិបាល  និងប្រជាជននៃប្រទេសបណ្តាប្រជាជាតិចំនួន ១៩៨ នៅលើសកលលោក ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១នេះ។ 

សូមបញ្ជាក់ថា លេខាធិការដ្ឋានអូហ្សូននៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ កំណត់យកថ្ងៃទី១៦ ខែកញ្ញា ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥ មក ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទរដល់សមិទ្ធផលនិងវឌ្ឍនភាពជាច្រើន ដែលយើងរួមគ្នាសម្រេចបាន សំដៅឆ្ពោះទៅការពារឱ្យបាននូវស្រទាប់អូហ្សូន។

ពិភពលោកកំពុងប្រារព្ធ«ទិវាអូហ្សូនពិភពលោក» ដែលត្រូវជាខួបលើកទី៣៦ នៃការបង្កើត «អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន»  ក្នុងឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៤ នៃ ការបង្កើត«ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន« ក្នុងឆ្នាំ១៩៨៧» ថ្ងៃទី១៦ ខែកញ្ញា៕

ដោយ​៖សហការី​


ចែករំលែក៖