ខេត្តបាត់ដំបង ៖ ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលអោយមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៥៧B ចំណុចក្រុមទី០៥ ស្ថិតក្នុងភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូមួយគ្រឿងទៀតម៉ាក HONDA BEAT ស៊េរី២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AL-6363 បើកបរដោយឈ្មោះ នា ដានី ភេទស្រី អាយុ ៣៨ឆ្នាំ (រងរបួសធ្ងន់ មិនពាក់មួកសុវត្ថិភាព) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ខេង សារ៉ែម ភេទស្រី អាយុ ៤១ឆ្នាំ (រងរបួសស្រាល មិនពាក់មួកសុវត្ថិភាព) អ្នកទាំងពីរនាក់មានទីលំនៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល និងម៉ូតូម៉ាកហុងដាឌ្រីម (HONDA-DREAM) ពណ៍ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ បាត់ដំបង 1A-9991 បើកបរដោយឈ្មោះ បូ វិច្ឆិកា ភេទស្រី អាយុ ១៥ឆ្នាំ (រងរបួសស្រាល) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ វើយ ស្រីវិន ភេទស្រី អាយុ ១៩ឆ្នាំ (រងរបួសស្រាល) ទាំងពីរនាក់ មានទីលំនៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល។
តាមការពិនិត្យកន្លែងកើតហេតុ គឺម៉ូតូHONDA BEATធ្វើដំណើរក្នុងទិសពីជើងទៅត្បូងក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូHONDA-DREAM បើកឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើតចំផ្នែកមុខចំហៀងខាងឆ្វេងតែម្តង បណ្តាលឲ្យអ្នកបើកបរនឹងអ្នករួមដំណើរ៤នាក់រងរបួសធ្ងន់ស្រាល។
បច្ចុប្បន្ន កម្លាំងជំនាញនគរបាលស្រុក បានយករថយន្តសង្គ្រោះដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកថ្មគោល រួចវាស់វែងយកតាងម៉ូតូ០២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល រង់ចាំចំណាត់ការតាមនីតិវិធី ៕
ដោយ៖ជ្រោយពេជ្រ