អ្នកចាត់ការក្រុម Burnley លោក Sean Dyche បានចុះហត្ថលេខាបន្តកុងត្រារយៈពេល៤ឆ្នាំជាមួយក្លិប។ នេះបើតាមការបញ្ជាក់របស់ក្រុមនៅ Premier League កាលពីថ្ងៃសុក្រ។
បច្ចុប្បន្នបុរសវ័យ៥០ឆ្នាំរូបនេះជាអ្នកចាត់ការទូទៅយូរជាងគេនៅក្នុងក្របខ័ណ្ឌកំពូលបានចំណាយពេល៩ឆ្នាំនៅ Burnley ហើយបានរក្សាក្លិបនៅក្នុងក្របខ័ណ្ឌ Premier League ៥រដូវកាលចុងក្រោយ។
ជាមួយគ្នានេះលោក Ian Woan ជំនួយការអ្នកចាត់ការទូទៅរបស់លោកDyche ក៏បានបន្តកិច្ចសន្យារបស់គាត់រហូតដល់ឆ្នាំ២០២៥ដែរ ។
លោក Dyche បានប្រាប់គេហទំព័ររបស់ក្លិបថា “ខ្ញុំមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយក្លិប និងអ្នកគាំទ្ររបស់យើងបន្ទាប់ពីច្រើនឆ្នាំមកនេះ ហើយខ្ញុំទន្ទឹងរង់ចាំការខិតខំប្រឹងប្រែងដើម្បីឱ្យក្លិបបន្តដំណើរឆ្ពោះទៅរកទិសដៅត្រឹមត្រូវ” ។
លោកបន្តថា “វាជារដូវក្តៅដ៏សំខាន់សម្រាប់យើងក្នុងការបន្ថែមទេពកោសល្យ និងភាពស៊ីជម្រៅដល់ក្រុម ប៉ុន្តែការងារមិនបញ្ឈប់ត្រឹមនេះទេក្នុងនាមជាក្លិប យើងនិយាយអំពីការអភិវឌ្ឍន៍ និងការធ្វើឱ្យកីឡាករកាន់តែប្រសើរឡើង ហើយបរិយាកាសដែលយើងបង្កើតនៅទីនេះគឺសំខាន់ណាស់”។
លោក Dyche បានជួយក្លិប Burnley ឡើងពីជើងឯកលំដាប់ទី២ ( Championship) ទៅកាន់លីគកំពូលអង់គ្លេសចាប់តាំងពីបានចូលកាន់តំណែងនៅឯក្លិប Burnley ក្នុងខែតុលា ឆ្នាំ២០១២ និងបាននាំឱ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ក្នុងក្របខ័ណ្ឌ Premier League ក្នុងយុទ្ធនាការឆ្នាំ២០១៧-២០១៨ ។
ក្រុម Burnley ដែលចាញ់ ៣-១ នៅក្នុងទឹកដី Everton ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃសៅរ៍នេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)