ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប្រចាំការតំបន់ឆ្នេរកែប ចាប់ឃាត់ខ្លួនក្រុមក្មេងទំនើង​ចំនួន២៣នាក់ !

ចែករំលែក៖

ខេត្តកែប ៖ កម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប្រចាំការតំបន់ឆ្នេរក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប​ បានចាប់ឃាត់ខ្លួន​ក្រុមក្មេងទំនើង​ ចំនួន២៣នាក់ ដែលបានជិះម៉ូតូ៩គ្រឿង មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេង​មកអុកឡុកក្នុងខេត្តកែប​។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីផេកផ្លូវការរបស់រដ្ឋបាលខេត្តកែបនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។ 

រដ្ឋបាលខេត្តកែបបានបញ្ជាក់ថា នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១​ ក្រុមក្មេងទំនើងទាំងនោះកំពុងប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានការសុខាភិបាល និងបានដុតផាវផ្ទុះលាន់ឮអឺងកងបង្កការភ្ញាក់ផ្អើល និងបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅតំបន់ទេសចរណ៍ឆ្នេរកែប។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំមកកាន់ស្នងការដ្ឋាន​នគរបាលខេត្តធ្វេីការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រមូលផ្តុំគ្នាផឹកសុីតទៅទៀត ព្រមទាំងបានហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះ។

សូមបញ្ជាក់ថា បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអាទិត្យ​ទី​១៩ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦១២នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៦០នាក់ និងករណីស្លាប់​ ១៣នាក់​៕

                                   

ដោយ ៖ សិលា


ចែករំលែក៖