ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសម្រេចកំណត់ជា តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។
រដ្ឋបាលខេត្តសម្រេចកំណត់:
ត្រូវបានបិទខ្ទប់ និងកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និង ភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃ ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យ ឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្តីសម្រេចជាថ្មី។
ផែនទីនៃការកំណត់ភូមិសាស្ត្រខាងលើ ជា “តំបន់ក្រហម” ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធ នៃ សេចក្ដីសម្រេចនេះ។
ក្នុងអំឡុងពេលនៃការអនុវត្តបិទខ្ទប់ វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រដែលបានកំណត់ ជា “តំបន់ក្រហម” មានដូចខាងក្រោម៖
១-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន របស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន។ ក្នុងករណីការបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្ត វីធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្ដោះអាសន្ននូវមធ្យោបាយធ្វើដំណើរ ដោយ អនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។ ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់ បច្ចុប្បន្ន ឬការធ្វើដំណើរចេញចូល “តំបន់ក្រហម” អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ដូចខាង ក្រោម៖
-ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់
-ការធ្វើដំណើរដើម្បីទៅជួបមន្ត្រីសុខាភិបាលធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីតាំងជិតបំផុត ក្នុង “តំបន់ក្រហម” តាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច
-ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ចអនុវត្តវិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម
-ការធ្វើដំណើរដែលទាក់ទងនឹងសកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ ដោយភ្ជាប់ជាមួយ អត្តសញ្ញាណបណ្ណ និងលិខិតបញ្ហាបេសកកម្ម
-ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកសុខាភិបាលរដ្ឋ និងឯកជន ដោយភ្ជាប់ជាមួយបណ្ណ សម្គាល់ខ្លួន និងលិខិតបញ្ហាបេសកកម្ម
-ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកនៃសេវាពន្លត់អគ្គីភ័យ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត ការផ្គត់ផ្គង់ស្បៀង និងសេវាប្រៃសណីយ៍ទូរគមនាគមន៍
-ការធ្វើដំណើរដើម្បីត្រឡប់ទៅលំនៅឋាន ឬទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬកន្លែងសម្រាកព្យាបាល នៅក្នុង ឬចេញ-ចូល ក្នុង “តំបន់ក្រហម” ដោយមានការសម្របសម្រួលរបស់អាជ្ញាធរមានសមត្ថកិច្ច។
២-ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំងទីកន្លែងលក់គ្រឿង ស្រវឹងគ្រប់ប្រភេទ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុង តំបន់ក្រហម ត្រូវផ្អាកជាបណ្តោះអាសន្ន លើកលែងតែសកម្មភាពការងារ មុខរបរ និងអាជីវកម្មដូចខាងក្រោមនេះ ដែល ត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា៖
-សេវាពន្លត់អគ្គីភ័យ
-សេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹកស្អាត និងសេវាប្រតិបត្តិការផ្នែកប្រៃសណ៍យ៍ទូរគមនាគមន៍
-សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលរដ្ឋ និងឯកជន ដោយរួមទាំងឱសថស្ថាន
-ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ
-សេវាផ្គត់ផ្គង់ឱសថ និងសម្ភារបរិក្ខាពេទ្យ។
៣-រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន និងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ និងការចាក់ឧបករណ៍បំពងសំឡេង ការច្រៀង ឬរាំកម្សាន្ត ត្រូវបានៈ ហាមឃាត់។
៤-ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ក្នុងភូមិសាស្ត្រភូមិដូនទាវ និងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
ដោយ ៖ សិលា