ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅក្នុងបន្ទប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ១៥៩E២z ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ឲ្យដឹងពីនគរបាលប៉ុស្តិ៍វាលវង់ថា ផ្ទះដែលរងការឆាបចេះខាងលើទំហំ៤ម៉ែត្រx ១២ម៉ែត្រ ខូចខាតសម្ភារ នៅក្នុងផ្ទះអស់ទាំងស្រុង និងបណ្ដាលឱ្យស្លាប់​មនុស្សម្នាក់ភេទប្រុស អាយុប្រហែល៧៣ឆ្នាំ មុខរបរនៅផ្ទះ តែគេពុំទាន់ស្គាល់អត្តញ្ញាណនៅឡើយទេ។

សមត្ថកិច្ចបានបន្តទៀតថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះកម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យ​រួមមាន៖

-រថយន្តផ្សារទំនើបអូឡាំព្យ៉ាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៨ម៉ែត្រគូប។

-រថយន្តស្នងការដ្ឋានរាជធានីភ្នំពេញ៣គ្រឿងក្នុងការពន្លត់ទប់ស្កាត់មិនឱ្យរាលដាលដល់ផ្ទះអ្នកដទៃ។

 លោកនាយប៉ុស្តិ៍នគរបាលវាលវង់បានឱ្យដឹងថា ចំពោះអគ្គិភ័យខាងលើនេះនៅពុំទាន់ដឹងពីមូលហេតុច្បាស់លាស់ដែលបណ្ដាលឲ្យមានករណីនេះកើតឡើងនៅឡើយនោះទេ ។

 បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងស្វែងរកអត្តសញ្ញាណនៃជនរងគ្រោះ ដើម្បីស្វែងរកសាច់ញាតិនិងប្រគល់សពជូនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនិងសាសនា៕

ដោយ ៖ ស សម


ចែករំលែក៖