ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា, ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ គឺពីថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី៦ ខែតុលាឆ្នាំ២០២១នេះ ជាពិធីបុណ្យភ្ជុំបិណ្ឌ រាប់ពីថ្ងៃបិណ្ឌទី១នេះទៅ មានរយៈពេល១៥ថ្ងៃ ជាថ្ងៃភ្ជុំធំឬភ្ជុំបិណ្ឌ។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បន្តថា, ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីប្រចាំឆ្នាំដ៏ធំរបស់ជាតិយើង បានប្រារព្ធធ្វើតាំងពីបុរាណកាលមក ដើម្បីតបស្នងសងគុណលោកអ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា និងដើម្បីឧទ្ទិសបុណ្យកុសល ដល់ពពួកញាតិ និងជីដូនជីតាទាំងឡាយ ដែលបានចែកឋានទៅហើយ តាមរយៈការឧទ្ទិសកុសលផលបុណ្យដោយប្រគេននូវចង្ហាន់និងទេយ្យវត្ថុផ្សេងៗ ចំពោះព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សាតាមទីវត្តអារាមនានា។

ដោយសារយើងស្ថិតនៅក្នុងគ្រាលំបាកពីការរាតត្បាតជំងឺកូវីដ-១៩ ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ប្រព្រឹត្តទៅដោយមានការប្រុងប្រយ័ត្នខ្ពស់។ សូមបងប្អូនជនរួមជាតិគោរពតាមរាល់ការណែនាំ និងវិធានការសុខាភិបាល ឬរដ្ឋបាល ឱ្យបានខ្ពស់បំផុត ដោយប្រកាន់ឱ្យខ្ជាប់វិធានការ ”បីកុំ បីការពារ” ធ្វើយ៉ាងណាឱ្យការប្រារព្ធពិធីប្រពៃណីជាតិយើងបានដំណើរទៅដោយរលូន ជ្រះថ្លា និងចៀសឆ្ងាយពីជំងឺកូវីដ-១៩។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។

សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាននិងសូមរីករាយជាមួយនឹងអានិសង្ឃ ដែលខ្លួនទទួលបានពីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគ្រប់ៗគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖