ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងប៉ោយប៉ែតជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅជាប់មាត់អូរព្រំដែនកម្ពុជាថៃអាចនឹងរងឥទ្ធិពលទឹកជំនន់ពីប្រទេសថៃក្នុងកម្រិតធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យោងតាមការជូនដំណឹងរបស់អាជ្ញាធរស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានភាពទឹកនៅក្នុងស្រុកអារញ្ញប្រាថេត បានកំពុងហក់ឡើងលឿនគួរឱ្យព្រួយបារម្ភ ដោយកម្ពស់ទឹកហក់ឡើងខ្ពស់ដូចនេះ បណ្តាលមកពីឥទ្ធិពលកម្ពស់ទឹកហក់ឡើងខ្ពស់នៅតំបន់ខៅយ៉ៃ នៃខេត្តនគររាជសីម៉ា ប្រទេសថៃ។ 

លក្ខណៈបែបនេះ នឹងបង្កឱ្យផ្នែកខ្លះក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងទទួលរងឥទ្ធិពលទឹកជំនន់ពីព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងកម្រិតធ្ងន់ធ្ងរផងដែរ។ 

ស្ថិតក្នុងស្ថានភាពដែលភូមិសាស្ដ្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាចនឹងទទួលរងនូវការគំរាមកំហែងពីទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃតាមអូរព្រំដែនកម្ពុជា-ថៃ លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត នឹងកំពុងបន្តចាត់វិធានការនានា ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា នូវការគំរាមកំហែងពីទឹកជំនន់ធ្លាក់មកពីប្រទេសថៃ។ 

ទន្ទឹមគ្នានេះ លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែតបានចាត់តាំងក្រុមការងារសង្កាត់ទាំង៣ រៀបចំទីទួលសុវត្ថិភាព ដើម្បីត្រៀមលក្ខណៈរួចជាស្រេចក្នុងការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលអាចរងគ្រោះដោយគ្រោះទឹកជំនន់នេះ ប្រសិនបើកម្ពស់ទឹកនៅតែបន្តហក់ឡើងបន្ថែមទៀត។ 

ឆ្លៀតក្នុងឱកាសដមានហានិភ័យខ្ពស់នេះលោក គាត ហ៊ុលអភិបាល ក្រុងប៉ោយបែត សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តក្រុង ពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅតាមប្របមាត់អូរព្រំដែនកម្ពុជា-ថៃ ព្រមទាំងបងប្អូនប្រជាពលរដ្ឋរស់នៅផ្នែកខ្លះក្នុងភូមិសាស្ដ្រសង្កាត់ប៉ោយប៉ែត, សង្កាត់ផ្សារកណ្ដាល និងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

ដោយ ៖ វណ្ណា

 


ចែករំលែក៖