ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងសុីសងប្រភេទឡូតូKenoមួយកន្លែងកំពុងបើកដំណើរការយ៉ាងរលូនក្រោមក្រសែភ្នែកអាជ្ញាធរខណ្ឌ៧មករាក្នុងបរិបទកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងល្បែងស៉ីសងប្រភេទឡូតូ keno មួយកន្លែងបានបើកដំណើរការយ៉ាងរលូនអស់រយៈពេលជាយូរមកហើយ ដោយមានការសង្ស័យថាដំណើរការនៃល្បែងនេះគឺស្ថិតក្រោមក្រសែភ្នែករបស់អាជ្ញាធរដែនដី។ 

ទីតាំងល្បែងស៊ីសងប្រភេទឡូតូKenoខាងលើនេះស្ថិតនៅផ្ទះលេខ9E ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបានប្រមូលផ្ដុំមនុស្សជាច្រើនដែលចចេសមិនចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរដ្ឋាភិបាលឡើយ។  បច្ចុប្បន្នអាជ្ញាធរគ្រប់ជាន់ថ្នាក់កំពុងយកចិត្តទុកដាក់ចូលរួម បង្ការ ទប់ស្កាត់ការរីករាលដាល និងកាត់ផ្ដាច់ជំងឺcovid-19 ក្នុងសហគមន៍២០កុម្ភៈឱ្យបានជោគជ័យ។

តែផ្ទុយទៅវិញ អាជ្ញាធរខណ្ឌ៧មករា ដែលមានលោក លីម សុភា ប្រធានគណៈបញ្ជាការឯកភាព និងលោកវរសេនីយ៍ឯក នេត ស៉ីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ហាក់មិនយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំឡើយដោយបានបើកដៃឱ្យឈ្មួញល្បែងសុីសងបើកលេងយ៉ាងរំភើយក្នុងមូលដ្ឋាន។

 គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ដល់​លោក​អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ត្រូវ​យកចិត្តទុកដាក់​ និង​ប្រុង​ប្រយ័ត្ន​ចំពោះ​បទល្មើស​ផ្ទុយពីវិធាន​ការក្រសួងសុខាភិបាល​ ដែល​បង្ក​ឱ្យ​មាន​ហានិភ័យ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​។​ ក្នុង​ករណី​ដែល​បណ្តែតបណ្តោយ​ឱ្យ​មានការ​បើក​ក្លិប​កម្សាន្ត​ជួបជុំ​គ្នា​ផឹកស៊ី​ ច្រៀង​រាំ​សប្បាយ​ល្មើស​វិធាន​ក្រសួងសុខាភិបាល​ គឺ​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ថ្នាក់លើ​ ហើយ​បើមានបទល្មើស​កើត​ហើយ​កុំឆ្លើយថា​ មិនដឹង​នោះ​ ។

 ពាក់ព័ន្ធនឹងបញ្ហាល្បែងស៊ីសងខាងលើនេះ លោកអ៊ុន ភារម្យ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់បានឲ្យសារព័ត៌មាននគរវត្តដឹងថា លោកធ្លាប់បានរាយការណ៍ទៅថ្នាក់លើម្ដងដែរតែដោយទីតាំងខាងលើនេះមានច្បាប់ តែចាំមើលពេលថ្ងៃលោកនឹងឲ្យជំនាញចុះមើលម្ដងទៀត ៕

ដោយ៖ ស សម


ចែករំលែក៖