ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២១នេះកម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ពីបទចាប់រំលោភសេពសន្ថវ:លើក្មេងស្រីអនីតិជន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថេង ង៉ោល ហៅ នុន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នៅត្រង់ចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។រីឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ។
តាមពាក្យបណ្តឹងពីស្ត្រីជាម្តាយជនរងគ្រោះ រស់នៅឃុំវត្តតាមិម ស្រុកសង្កែ បានប្តឹងរាយការណ៍ថានៅថ្ងៃទី២១ខែកញ្ញាកន្លងទៅនេះមានជនមិនស្គាល់អត្តសញ្ញាណ ម្នាក់ អាយុប្រហែល៣០ឆ្នាំ បាននាំកូនស្រីរបស់ខ្លួនឈ្មោះ ដ ស ខ ភេទស្រី អាយុ ១៤ឆ្នាំ ទៅផ្ទះសំណាក់ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយបានរួមភេទបានសម្រេចចំនួន ០១លើក ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពីទទួលពាក្យបណ្ដឹង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារការពារអនីតិជន និងប្រឆាំងការជួញដូរមនុស្ស និងលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងក្នុងអង្គភាពសហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើ មកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។
ឆ្លងតាមការធ្វើកំណត់ហេតុស្ដាប់ចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយឈ្មោះ ដ ស ខ បានសម្រេច០១លើកពិតប្រាកដមែន ទើបសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងនៅព្រឹកទី២៤ខែកញ្ញានេះដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕
ដោយ÷ ប្រាថ្នា