ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌចំការមន និងអង្គការមូលនិធិឆឺជី-កម្ពុជា ចែកអំណោយដល់ពលរដ្ឋនៅប្រជាសហគមន៍​សាមគ្គីរុងរឿង ១០០គ្រួសារ និងពិនិត្យមើលតាមវត្តអារាម ក្នុងភូមិសាស្ត្រខណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ​ ៣រោច​ ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា​ ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌចំការមន ដែលមានលោក ថេង សុថុល ជាអភិបាលខណ្ឌ និងអង្គការមូលនិធិឆឺជី-កម្ពុជា បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា គ្មានទីពឹង ចំនួន ១០០គ្រួសារ រស់នៅសហគមន៍​សាមគ្គីរុងរឿង​ សង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន ដោយមានការចូលរួមពីលោក សៀរ ម៉ីងស៊ីង ប្រធានអង្គការមូលនិធិ ឆឺជីប្រចាំកម្ពុជា អភិបាលរងខណ្ឌ នាយករដ្ឋបាល ចៅសង្កាត់ អ្នកស្ម័គ្រចិត្ត ឆឺជី និងមន្ត្រីខណ្ឌ សង្កាត់ ផងដែរ ។ 

លោក សៀរ ម៉ីងស៊ីង ប្រធានអង្គការមូលនិធិ ឆឺជីប្រចាំកម្ពុជា បានអោយដឹងថា នេះគឺជាលើកទី២ ហើយ ដែលអង្គការរបស់យើង សហការជាមួយអាជ្ញាធរ ខណ្ឌចំការមន នាំយកអំណោយសប្បុរសជនមកចែកជូនបងប្អូនក្រីក្រ ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ មានប្រជាពលរដ្ឋសហគមន៍​សាមគ្គីរុងរឿង​ កំពុងជួបការលំបាក ដែលកន្លងមក ត្រូវបានទទួលអំណោយម្តងរួចមកហើយ ។ លោក សៀរ ម៉ីងស៊ីង បន្តថា អង្គការមូលនិធិពុទ្ធសាសនាឆឺជី ចូលមកដល់កម្ពុជា ក្នុងដើមឆ្នាំ២០១១ ហើយគិតមកត្រឹមពេលនេះ ឆឺជី មានអាយុកាល ១០ឆ្នាំហើយនៅក្នុងប្រទេសមួយនេះ ។ មូលនិធិ ឆឺជី បង្កើតឡើង ក្នុងគោលបំណងសំដៅ ទៅរកដំណោះស្រាយ ក្នុងការដោះទុក្ខលំបាករបស់ប្រជាជន មិនថា ក្នុងតំបន់អាស៊ី ឬអឺរ៉ុបឡើយ ។ អង្គការមូលនិធិពុទ្ធសាសនា ឆឺជី-កម្ពុជា អាចដំណើរការ ជួយបងប្អូនទៅបាន គឺដោយមានការចាំផ្គត់ផ្គង់ជំនួយ ជាបន្តបន្ទាប់ពី ភិក្ខុនី ជឹងយៀន ដែលរស់នៅក្រៅប្រទេស ដូចជាតៃវ៉ាន់ និងចិនជាដើម ។ 

ជាមួយគ្នានេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខណ្ឌ លោកពិតជាមានក្តីសោមនសរីករាយយ៉ាងក្រៃលែង ចំពោះអង្គការមូលនិធិពុទ្ធសាសនា ឆឺជី ដែលបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងខណ្ឌចំការមនរបស់យើង ។ អំណោយដែលត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋ យើងនៅពេលនេះ គឺជាសក្ខីភាព មួយដែល ស បញ្ជាក់អោយឃើញថា ជាការជួយសង្គ្រោះដោយគ្មានការប្រកាន់ទៅលើពណ៌សប្បុរ ឬសាសនាឡើយ ពោលធ្វើឡើងដោយទឹកចិត្តអាណិត ស្រាលាញ់ រាប់អាន ជាទីបំផុត គ្មានគិតគុណគូរលើផលតបស្នងអ្វីទាំងអស់ ។

លោកអភិបាលខណ្ឌ ក៏បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស រដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដោយលោក ថេង សុថុល បានអំពាវនាវឱ្យបងប្អូនប្រជាណលរដ្ឋ ផ្អាកការធ្វើបុណ្យទាននៅតាមវត្តសិន ព្រោះបច្ចុប្បន្ន កំពុងតែមានការឆ្លងរាលដាលក្នុងវត្ត ជាក់ស្ដែងវត្តចំពុះក្អែក មានការឆ្លងប្រមាណ៤៥ករណីហើយ ដែលជាហេតុធ្វើឱ្យរាជរដ្ឋាភិបាល សម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីខ្មែរយើងនេះ ។ 

លោក ស៊ុន សិទ្ឋី នាយករដ្ឋរដ្ឋបាលខណ្ឌ បានអោយដឹងថា អំណោយដែលទទួលបាន ក្នុងមួយគ្រួសារៗ មាន ៖ អង្គរ ៤០គីឡូក្រាម ប្រេងឆា ០២ដប មីដុំ ២កញ្ចប់ ។

ដោយឡែកនៅថ្ងៃដដែលនេះ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យនៅតាមបណ្ដារវត្តអារាមក្នុងភូមិសាស្ត្រខណ្ឌចំការមន ដោយយោងតាមសេចក្ដីសម្រេចលេខ ៩៥សសរ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងអនុវត្តតាមអនុសាសន៍របស់លោក ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងបានសម្របសម្រួលការយកសំណាកព្រះសង្ឃនៅតាមវត្ត ក្នុងភូមិសាស្ត្រខណ្ឌចំការមន ៕

ដោយ ៖ ជីណា


ចែករំលែក៖