ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី ក.ប.ប. បន្តរកឃើញស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈ​ជាច្រើន​​នៅតាមបណ្ដាខេត្តមួយចំនួ​ន ប្រកបអាជីវកម្មកេងប្រវ័ញ្ចលើអ្នកប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​របាយការណ៍​របស់​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងថា​ មន្រី្តសាខា ក.ប.ប. ប្រចាំនៅខេត្តកំពង់ចាម ខេត្តសៀមរាប និងខេត្តស្វាយរៀង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈ ក្នុងក្រុងកំពង់ចាម ស្រុកអង្គរជុំ និងស្រុកស្វាយជ្រុំ ដោយក្នុងប្រតិបត្តិការនេះមន្ត្រីជំនាញបានពិនិត្យឃើញ ០៨ ក្នុងចំណោម ១២ស្ថានីយ​ និងដេប៉ូ ប្រកបអាជីវកម្មមិនទៀងត្រង់ក្នុងន័យកេងចំណេញពីអ្នកប្រើប្រាស់ ដូចនេះមន្ត្រីជំនាញបានចាត់វិធានការពិន័យតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

មន្រ្តីដដែល​ បានឱ្យដឹងទៀតថា​ កាលពីថ្ងៃទី២១-២២-២៣ ខែកញ្ញាថ្មីៗនេះ​ មន្រ្តីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តបាត់ដំបង​ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យតាមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈ ក្នុងក្រុងបាត់ដំបង ស្រុករតនមណ្ឌល ស្រុកថ្មគោល និងស្រុកសំឡូត បានចំនួន ២១ស្ថានីយ​ និងដេប៉ូ។ ជាលទ្ធផលស្ថានីយ​ និងដេប៉ូចំនួន ០៥ទីតាំង ត្រូវបានមន្ត្រីជំនាញចាត់វិធានការតាមច្បាប់ជាធរមាន ដោយសារភាពមិនសុចរិតនៅក្នុងអាជីវកម្មប្រេងឥន្ធនៈ។

ដោយឡែកទំនិញចម្រុះចំនួន ១៣២គីឡូក្រាម និងភេសជ្ជៈចំនួន ៨៧៩កេស ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានសមត្ថកិច្ចជំនាញដកហូតក្នុងភូមសាស្រ្តខេត្តកណ្តាល ខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀងផងដែរ។ 

គួរបញ្ជាក់ថា​ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ប្រចាំនៅខេត្តទាំងបី ដើម្បីបន្តការពារសុខុមាលភាពជូនប្រជាពលរដ្ឋ នៅថ្ងៃទី២២-២៣-២៤ ខែកញ្ញា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យទំនិញតាមទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងផ្ទះលក់ទំនិញនានា ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ក្រុងពោធិ៍សាត់ និងស្រុកស្វាយជ្រុំ ដោយក្នុងនោះមន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះចំនួន ១៣២គីឡូក្រាម និងភេសជ្ជៈចំនួន ៨៧៩កេស យកមករក្សាទុកដើម្បីធ្វើការកម្ទេចចោលតាមនីតិវិធីនៅពេលក្រោយ ចំណែកអាជីវករដែលតាំងលក់ទំនិញមិនអនុលោមទាំងនោះ ត្រូវបានទទួលរងចំណាត់ការតាមនីតិវិធីផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖