ភ្នំពេញ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ឯកទេសចក្ខុរោគ បានធ្វើការវះកាត់ភ្នែកទាំងគូរបស់លោករដ្ឋមន្ត្រី វេង សាខុន ក្នុងពេលតែមួយទទួលបានជោគជ័យ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍លើផេកផ្លូវការរបស់លោកថា ក្នុងនាមជាប្រជាជនខ្មែរមួយរូប ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ឯកទេសចក្ខុរោគ ដែលបានជួយធ្វើការវះកាត់ភ្នែកទាំងគូរបស់ខ្ញុំក្នុងពេលតែមួយទទួលបានជោគជ័យដោយគ្មានស្នាមរបួសកាលពីថ្ងៃម្សិលមិញ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ ហើយនៅពេលព្រឹកមិញនេះ គឺការត្រូតពិនិត្យមើលសុខភាពភ្នែកឡើងវិញនូវអ្វីដែលបានធ្វើកាលថ្ងៃម្សិលតែប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីថ្លែងបន្តថា សូមបញ្ជាក់ថា បញ្ហាជំងឺភ្នែករបស់ខ្ញុំគឺជាកេរដំណែលដែលបានបន្សល់ទុកមកជាយូរហើយ ដែលបានទទួលរងផលប៉ះពាល់នៅក្នុងការបំពេញការងារជាយុវជនកងចល័តក្នុងរបបខ្មែរក្រហម ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយបានរក្សាទុកមកទល់ពេលនេះមានរយៈពេលជាង៤០ឆ្នាំមកហើយ ៕
ដោយ ៖ សិលា