ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អនុវត្តន៍តាមសេចក្តីសម្រេចលេខ៩៥ របស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅថ្ងៃសៅរទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងនាមលោកផ្ទាល់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បាននាំយកទេយ្យវត្ថុ និងបច្ច័យប្រគេន ព្រះវរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តគណៈធម្មយុត្តិកនិកាយ និងជាព្រះចៅអធិការវត្តសុវណ្ណបព្វតាខ្លាកូនចាស់ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បីរួមចំណែកផ្គត់ផ្គង់ផ្នែកចង្ហាន់ព្រះសង្ឃគ្រប់ព្រះអង្គក្នុងឱកាសរដូវភ្ជុំនេះ ។
ទេយ្យវត្ថុ និងបច្ច័យប្រគេនរួមមាន៖ អង្ករ ១២០ គីឡូក្រាម មី៥កេស ទឹកសុីអុីវ ៥យួរ ទឹកត្រី ៥យួរ ទឹកបរិសុទ្ធ ៥កេស ត្រីខ១កេស ខ្ទិមស អំបិល ស្ករស និងថវិកា ៣០០ដុល្លារ។
ជាមួយគ្នានេះ ទោះបីជាបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌត្រូវបានផ្អាក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តែក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រជុំនឹងរៀបចំផ្តល់ទេយ្យវត្ថុបែងចែកឱ្យយកគ្រឿងបរិក្ខាទេយ្យវត្ថុ និងបច្ច័យទៅប្រគេនគ្រប់ទាំង ២៥៦វត្ត លើ ៦៥ ឃុំ/សង្កាត់ តាមរយៈក្រុមការងារចុះពង្រឹងតាមមូលដ្ឋាន មន្ទីរ អង្គភាព អាជ្ញាធរស្រុក/ក្រុង ដើម្បីរួមចំណែកផ្គត់ផ្គង់ដល់ចង្ហាន់ព្រះសង្ឃគ្រប់អង្គ គ្រប់វត្ត ដោយធានា និងអនុវត្តន៍ទៅតាមវិធានសុខាភិបាល និងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន៕
ដោយ៖សហការី