ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ​កង​ទ័ព​ជើង​គោកឧបត្ថម្ភម៉ូតូ ៧គ្រឿងដល់កងការពារព្រំដែនលេខ៥០១ សម្រាប់បម្រើការងារអង្គភាព

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភម៉ូតូចំនួន៧គ្រឿង, ទឺកក្រូច ៤០កេស និងនំធុង៤០កេសជូនដល់កងការពារព្រំដែនលេខ៥០១ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ និងដើម្បីបម្រើការងារអង្គភាព។

អំណោយដ៏ថ្លៃថ្លារបស់លោកមេបញ្ជាការ​កង​ទ័ព​ជើង​គោក ត្រូវបានឧត្តមសេនីយ៍ទោ ទាន សោភ័ណ្ឌវង្ស នាយសេនាធិការរង និងនាយការិយាល័យព្រំដែនកងទ័ពជើងគោក នាំយកទៅផ្តល់ជូនកងការពារព្រំដែនលេខ៥០១ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ទោ ទាន សោភ័ណ្ឌវង្ស បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់លោកមេបញ្ជាការ​កង​ទ័ព​ជើង​គោក ចំពោះការស់នៅ បំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ របស់នាយទាហាន-ពលទាហាន កងការពារព្រំដែនលេខ៥០១។

លោកវរសេនីយ៍ឯក ចាន់ ប៊ុនឌី មេបញ្ជាការកងការពារព្រំដែនលេខ៥០១ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោកមេបញ្ជាការ​កង​ទ័ព​ជើង​គោក ចំពោះការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិនគ្រប់រូប ព្រមទាំងបានប្តេជ្ញាចិត្តថែរក្សា និងប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍អង្គភាព៕

ដោយ ៖ ស សម


ចែករំលែក៖