ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមវត្តទាំង១៥១ព្រមគ្នាក្រោយការយកសំណាកព្រះសង្ឃ ដូនជី លោកតាអាចារ្យនិងសិស្សគណជិត៩ពាន់អង្គ/នាក់រួចមក

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤សហការជាមួយនឹងទាហាន នៃកងពលតូចលេខ៧០ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមវត្តអារាមនានា ទូទាំងរាជធានីភ្នំពេញចំនួន១៥១វត្តក្រោយពីអាជ្ញាធរនិងក្រុមគ្រូពេទ្យបានយកសំណាកព្រះសង្ឃ លោកតាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានានៅទូទាំងរាជធានីភ្នំពេញរួចរាល់អស់ហើយមក។

   នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ ក្រោយមានបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមលោកជាអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ លោក បានសហការជាមួយនឹងទាហាននៃកងពលតូចលេខ៧០ បានធ្វើសកម្មភាពចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាវត្តទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ពិសេសខណ្ឌពោធិ៍សែនជ័យ ដោយជាជំហានដំបូងបានចាប់ផ្ដើមបាញ់នៅវត្តពោធិ៍ចិនតុង បន្ទាប់មកក្រុមការងារបានបែងចែកកម្លាំងនៅតាមបណ្ដាវត្តផ្សេងទៀតនៅក្នុងមូលដ្ឋាននៃខណ្ឌនេះ។

   លោកហែម ដារិទ្ធិ បានមានប្រសាសន៍លើកឡើងថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកន្លងមកនេះ មានតំបន់ក្រហមមួយចំនួន។  ដោយសារតែមានតំបន់ក្រហមនេះហើយទើបធ្វើឲ្យអាជ្ញាធរខណ្ឌរបស់យើងមានការប្រុងប្រយ័ត្នខ្ពស់ ។ ក្រោមការណែនាំពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងសុខាភិបាលនិងសម្ដេចតេជោហ៊ុន សែន យើងបានអនុវត្តវិធានការការពារជំងឺកូវីដ-១៩យ៉ាងតឹងរុឹងបំផុត  ហើយមកដល់ពេលនេះឃើញថា នៅខណ្ឌពោធិ៍សែនជ័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ យើងទប់ស្កាត់បានយ៉ាងល្អប្រសើរ ទាំងការព្យាបាលនៅតាមផ្ទះ និងការបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលផ្សេងៗ។

   ពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំបិណ្ឌវិញរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពីមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ យើងបានអនុវត្តយ៉ាងល្អប្រសើរ ដោយប្រជាពលរដ្ឋបានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធររបស់យើងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នៅតាមវត្តអារាម ។

   លោកបញ្ជាក់ថា នៅក្នុងខណ្ឌពោធិ៍សែនជ័យមានវត្តចំនួន១៤ មានព្រះសង្ឃជិត៨០០អង្គ ហើយព្រះសង្ឃទាំងនេះ យើងបានយកសំណាករួចរាល់ហើយដែលជាលទ្ធផលមានវិជ្ជមានកូវីដ-១៩ចំនួន៤អង្គ /នាក់ ។     

   លោកបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤អង្គ /នាក់នេះ បើយើងមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលាទេ វានឹងធ្វើការចម្លងទៅព្រះសង្ឃ តាជី យាយជីនិងពុទ្ធបរិស័ទច្រើនជាងនេះថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកវិជ្ជមានកូវីដ-១៩ចំនួន៤អង្គ /នាក់នេះយើងបានបញ្ជូនទៅព្យាបាលហើយដែរ។

  ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេរោគនៅតាមវត្តអារាមនៅព្រឹកថ្ងៃទី២៦កញ្ញានេះយើងបានអនុវត្តយ៉ាងល្អប្រសើរ ក្រោមការសហការយ៉ាងល្អជាមួយកងទ័ពង៧០ ដោយយើងធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាវត្តចំនួន១៤ ។

   លោកហែម ដារិទ្ធិ ក្នុងឱកាសនោះក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមសហការឲ្យបានល្អជាមួយនឹងអាជ្ញាធរ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺ-១៩ ក្នុងឱកាសបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្យនេះ ។លោកបញ្ជាក់ថា បុណ្យទានយើងនៅតែធ្វើ ប៉ុន្តែក្នុងពេលនេះយើងផ្អាកសិន ។ 

   បុណ្យទានពេលណាក៏យើងអាចធ្វើបានដែរ បើបងប្អូនមិនបានជួយអ្វីទេសូមកុំបង្កការលំបាកទៅអោយអ្នកដទៃ៕

ដោយ ៖ សំរិត


ចែករំលែក៖