ភ្នំពេញ ៖ ដេប៉ូបូមខ្សាច់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលរបងថ្មចំនួន៧ផ្ទាំងបានបាក់សង្កត់លើផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចអតីតការាសរថយន្ដ ប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនោះ មកដល់ថ្ងៃទី២៧ ខែកញ្ញានេះមិនទាន់មានសំណងនៅឡើយទេ ដោយសារតែភាគីខាងក្រុមហ៊ុន និងភាគីប្រជាពលរដ្ឋចរចាមិនទាន់ត្រូវគ្នា។
លោក ពេជ្រ ស៊ីនួន ចៅសង្កាត់ព្រែកព្នៅ បានប្រាប់នគរដ្រេហ្គនតាមទួរស័ព្ទឱ្យដឹងថា ផ្ទះដែលខូចខាតទាំងអស់មានចំនួន៨ខ្នងផ្ទះស្មើនឹង៩គ្រួសារ ជាប្រភេទផ្ទះឈើប្រក់ស័ង្កសី មានទំហំ៤ម៉ែត្រគុណ និង៧ម៉ែត្រត្រូវរងការខូចខាតស្ទើរតែស្រុង រួមជាមួយនឹងសម្ភារមួយចំនួនធំទៀត នៅក្នុងផ្ទះក៏ត្រូវរងការខូចខាតផងដែរ តែមកដល់ពេលនេះមិនទាន់មានសំណងនៅឡើយទេ ដោយខាងប្រជាពលរដ្ឋពួកគាត់ទាមទារសំណងខ្ពស់ពេក។
លោកបន្តថា លើកទី១សាលាសង្កាត់បានហៅខាងភាគីក្រុមហ៊ុន និងភាគីខាងប្រជាពលរដ្ឋមកដោះស្រាយជាមួយគ្នាម្តងហើយ តែមិនទាន់ត្រូវគ្នានោះទេដោយសារតែប្រជាពលរដ្ឋពួកគាត់ទារសំណងច្រើនពេករហូតដល់៥.០០០ដុល្លារក្នុង១ខ្នងផ្ទះ ចំណែកខាងក្រុមហ៊ុនហ៊ានឲ្យត្រឹមតែ២.០០០ដុល្លារប៉ុណ្ណោះ ទើបខាងភាគីក្រុមហ៊ុនដកឃ្លាទៅគិតពិចារណាសិន យ៉ាងណានឹងជួបគ្នាពេលក្រោយបន្តទៀត។
លោកចៅសង្កាត់បញ្ជាក់ថា បន្ទាប់ពីចរចាមិនត្រូវគ្នាមក មន្ត្រីសង្កាត់បានទៅជួបសម្របសម្រួលជាមួយខាងភាគីប្រជាពលរដ្ឋ ហើយជាលទ្ធផលប្រជាពលរដ្ឋបានទារសំណងចុះមកត្រឹម៣.០០០ដុល្លារ ហើយក្រុមការងារសង្កាត់បានទាក់ទងទៅខាងក្រុមហ៊ុនហើយ តែក្រុមហ៊ុនមិនទាន់ឆ្លើយតបមកវិញនោះទេ។
ទាក់ទងនឹងករណីនេះក្រុមការងារយើងមិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនបូមខ្សាច់បានទេដោយសារមិនមានលេខទូរស័ព្ទ៕
ដោយ៖ព្រែកសំរោង