ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អមដំណេីរដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ និងមេបញ្ជាការកងកម្លាំងចម្រុះ អញ្ចេីញត្រួតពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះកម្ពុជាបាននិងកំពុងបន្តទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប បង្ករឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងដែលអាចបង្ករជាជំនន់ទឹកភ្លៀង ជន់លិច និងបង្កឲ្យមានផលប៉ះពាល់មួយចំនួន តែមិនទាន់ធ្ងន់ធ្ងនៅឡើយទេ។
ដោយឡែកប្រជាពលរដ្ឋដែលកំពុងរងគ្រោះមួយចំនួនពុំទាន់បានមកកាន់ទីទួលសុវត្ថិភាពដោយសារបញ្ហាភ័យខ្លាចជំងឺកូវីដ១៩ ទោះយ៉ាងណាកម្លាំងចម្រុះ បន្តខិតខំជួយពួកគាត់ដោយអនុវត្តន៍តាមវិធានការសុខាភិបាល។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ ត្រៀមជួយសង្គ្រោះ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងសភាពការណ៍ រួមជាមួយនិងការចល័តទូកសង្គ្រោះ គ្រប់គោលដៅដែលរងការគំរាមកំហែងដោយទឹកជំនន់ទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាជន ក្នុងករណីមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង។
លោក ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់តាមសរាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឪកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោជាអាទិភាពខ្ពស់ចំពោះអាយុជីវិតមនុស្ស៕
ដោយ ៖ សិលា