ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តនាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចតេជោ ប្រគល់ជូនលោកតា និងលោកយាយចំនួន៦នាក់បន្ថែមទៀត ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ !

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីបានប្រគល់អំណោយដល់លោកយាយ លោកតា មានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនិងបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅក្នុងខេត្តព្រៃវែង រួចមក លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តដំណើរទៅកាន់ខេត្តត្បូងឃ្មុំជាបន្តទៀត ដើម្បីនាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនលោកតា និងលោកយាយចំនួន៦នាក់បន្ថែមទៀត ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រស់នៅក្នុងខេត្តត្បូងឃ្មុំរួមមាន:

១.លោកតា ញុឹប ញាណ ព្រះជន្ម១០២ឆ្នាំ  រស់នៅភូមិសុក្រំជ្រំ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

២.លោកយាយ មាស ស៊ុន ព្រះជន្ម១០២ឆ្នាំ  រស់នៅភូមិត្រពាំងឬស្សី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

៣.លោកយាយ ពោន សាន ព្រះជន្ម១០១ឆ្នាំ  រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

៤.លោកតា សេត ផុន ព្រះជន្ម១០១ឆ្នាំ រស់នៅភូមិជាំធ្លក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

៥.លោកតា គល់ សុឹម ព្រះជន្ម១០១ឆ្នាំ រស់នៅភូមិជើងអាង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

៦.លោកតា សេង ទី ព្រះជន្ម១០៣ឆ្នាំ រស់នៅភូមិសញ្ជ័សសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

លោកយាយ លោកតា ទាំង ៦នាក់ ដែលទទួលរង្វាន់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ម្នាក់ៗ ទទួលបានថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ។

សូមជម្រាបជូនថា, បើយោងតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់វ៉ាក់សាំងប្រភេទស៉ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ជូនរដ្ឋាភិបាលប្រទេសឡាវ ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន សំដៅការពារជំងឺកូវីដ១៩ ។ 

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តថា, វ៉ាក់សាំងស៉ីណូវ៉ាក់ទាំង ២០ម៉ឺនដូសនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់តាំងឱ្យលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស ដែលជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនរដ្ឋាភិបាលឡាវ នៅថ្ងៃស្អែកទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ពិធីប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ទាំង ២០ម៉ឺនដូស នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ករបស់ឡាវ៕

ដោយ ៖ សិលា


ចែករំលែក៖