ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ និងបានបន្តកិច្ចប្រជុំរហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ដេីម្បីពិនិត្យសម្រេចលេីរបាយការណ៍លទ្ធផលនៃកិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២។ នេះបេីយោងតាមការបញ្ជាក់ពីលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រោយពីកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតរក្សាតួលេខចុងក្រោយរបស់ខ្លួន ២០៤ដុល្លារអាម៉េរិក, តំណាងភាគីនិយោជករក្សាតួលេខ ១៨៨ដុល្លារអាម៉េរិក, និងតំណាងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ កំណត់យកតួលេខ ១៩២ដុល្លារអាម៉េរិក។
បេីយោងមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួល អប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ នាកិច្ចប្រជុំព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីគាំទ្រតួលេខនីមួយៗដោយទទួលបានលទ្ធផលដូចខាងក្រោម៖
– តួលេខចំនួន ១៨៨ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង។
– តួលេខចំនួន ២០៤ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៦សំឡេង លើ ៥១សំឡេង។
– តួលេខចំនួន ១៩២ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៤៥សំឡេង លើ ៥១សំឡេង។
– និងសំឡេងមិនបានការចំនួន ០សំឡេង លើ ៥១សំឡេង។
ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២។
បេីតាមលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ស្ថិតនៅក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចនិងសង្គម ជាពិសេសទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក។
ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤(មួយរយកៅសិបបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិត សាកល្បង។ ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាម៉េរិក ដល់ ១១ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២១១ (ពីររយដប់មួយ) ដុល្លារអាម៉េរិក ដល់ ២២២ (ពីររយម្ភៃពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ។
ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំង ច្បាស់លាស់ និងបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតបានទាន់ពេលវេលា ដែលជាហេតុធ្វើឱ្យកម្ពុជាអាចរក្សាបាននូវភាពប្រកួតប្រជែង និងជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញទុនវិនិយោគថ្មី និងការងារថ្មីៗ ដល់ប្រជាពលរដ្ឋ។
តាងនាមបងប្អូនកម្មករនិយោជិត លោករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ប្រាក់បន្ថែមចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលការបន្ថែមនេះនឹងរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក៏ដូចជា ក្រុមគ្រួសារកាន់តែមានភាពល្អប្រសើរឡើងជាងមុន៕
ដោយ៖ស តារា