ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរ៨នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ​ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣​ សហការជាមួយកម្លាំងនគរបាល៨១៥​ធ្វេីការឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន៨នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ​ ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣​ សហការជាមួយកម្លាំងនគរបាល៨១៥​ធ្វេីការឃាត់ខ្លួននៅយប់ថ្ងៃទី២៨ ខែកញ្ញា​​ ឆ្នាំ២០២១​ ។    

លោកវរសេនីយ៍ទោ​ យូ​ សុគន្ធភក្តី​ មេបញ្ជាការ​វរសេនាតូចថ្មេីរជេីងលេខ​៥១៣​បានឱ្យដឹងថា លោកបានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅទិសម៉ាឡៃ​ (ស្រុកម៉ាឡៃ)​ ដោយសហការជាមួយកម្លាំងប៉ូលិសព្រំដែន៨១៥ និង​កម្លាំងនៅតាមមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពី​ភូមិសន្តិភាព​ ឃុំទួលពង្រ​ រហូតដល់ភូមិចំបក់​ ឃុំបឹងបេង ក៏បានប្រទះឃេីញ​ពលករខ្មែរចំនួន​៨នាក់​ ក្នុងនោះមានស្រី៣នាក់​ ប្រុស៥នាក់​ នៅត្រង់ចំណុចភូមិបន្ទាយ២​ ឃុំអូរសំព័រ​ ស្រុកម៉ាឡៃ​ ដែលបម្រុងលួចឆ្លងអូរចូលទៅប្រទេសថៃ​ដោយខុសច្បាប់ ក៏ត្រូវបានកម្លាំងសហការធ្វេីការឃាត់ខ្លួនដើម្បីសាកសួរនាំ​ រួចបានប្រគល់ជូនប៉ូលិសព្រំដែន៨១៥​ ដេីម្បីអនុវត្តទៅតាមច្បាប់។ 

   សូមបញ្ជាក់ថា​ ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​ កុំឱ្យឆ្លងចូលក្នុងសហគមន៍​ កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣​ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លេី​ទាំង​៣ទិសក្នុងខេត្តបន្ទាយមានជ័យ​ ចាប់ពីទិសអូរនាង​ ប៉ោយប៉ែត​ និង​ ទិសម៉ាឡៃ​ ដោយសហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំដើម្បីទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕

ដោយ៖ ស សម


ចែករំលែក៖