ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំសម្របសម្រួលដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះមានជនសង្ស័យជាជនជាតិចិនសរុបចំនួន៦នាក់ ស្រីចំនួន១នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅចំណុចសង្កាត់២ និងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ YANG KUN ភេទប្រុស អាយុ ៣១ឆ្នាំ
២-ឈ្មោះ CHEN YONG ភេទប្រុសអាយុ ៣៥ឆ្នាំ
៣-ឈ្មោះ ZHOU HONG ភេទស្រី អាយុ ៣៤ឆ្នាំ
៤-ឈ្មោះ FANZHANG WEI ភេទប្រុស អាយុ ២៩ឆ្នាំ
៥-ឈ្មោះ HONG JIN HONG ភេទប្រុស អាយុ ៤៩ឆ្នាំ
៦-ឈ្មោះ CHAO FENG ភេទប្រុស អាយុ ៣២ឆ្នាំ
ប្រភពដដែលបន្តថា សម្ភារវត្ថុតាងដកហូតបានរួមមាន៖
១-ថ្នាំញៀន កេតាមីន ទំងន់ ៣៩២,៩៦ ក្រាម
២-ថ្នាំញៀន Ice ទំងន់ ៤៦៨,៦៥ ក្រាម
៣-ថ្នាំញៀន WY ២៨៧គ្រាប់
៤-កញ្ឆាក្រៀម ចំនួន២កញ្ចប់តូច
៥-ថ្នាំដបពណ៌មាស ចំនួន២ដប
៦-ជញ្ជីងថ្លឹងថ្នាំ ចំនួន០១គ្រឿង
៧-រថយន្ត ចំនួន០២គ្រឿង
៨-ទូរសព្ទ័ ចំនួន១០គ្រឿង។
បច្ចុប្បន្នជនសង្ស័យមានអត្ដសញ្ញាណខាងលើ កម្លាំងជំនាញបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖សហការី