ភ្នំពេញ៖ នេះបេីយោងតាមការបញ្ជាក់ពីលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា៖ ដើម្បីចូលរួមគាំទ្រគោរពអនុវត្តវិធានការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈសេចក្តីសម្រេចលេខ ៩៥ សសរ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ លោក អមដំណើរដោយ លោក តាំង ម៉េងលាន ,លោក ណុប តារា អភិបាលរងខេត្ត និងមន្រ្តីរាជការពាក់ព័ន្ធមួយចំនួន បាននាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ គង់នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល ជាពិសេសវិធានការ ៣.ការពារ ៣.កុំ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានយ៉ាងខ្ជាប់ខ្ជួន។
សូមជម្រាបជូនថាកន្លងទៅនេះ អាជ្ញាធរក្រុង និងស្រុក បានសម្របសម្រួល ក្នុងការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ដើម្បីប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាម នៅទូទាំងខេត្តកណ្តាលផងដែរ។
ស្ថិតក្នុងឱកាសនេះដែរ លោក គង់ សោភ័ណ្ឌ សូមអំពាវនាវដល់ ពុកម៉ែ បងប្អូនពុទ្ធបរិស័ទទាំងអស់ដែលខកខានមិនបានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានពេញលេញតាមទំនៀមទំលាប់ប្រពៃណីនាឆ្នាំនេះ សូមមេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមធ្វើបុណ្យតាមបែបគន្លងថ្មី ដើម្បីជៀសផុតពីការរាតត្បាតពីជំងឺកូវីដ-១៩។
ដ៏រាបណាយើងនៅមានជីវិតរស់នៅ ដោយមិនមានការយាយីពីជំងឺកូវីដ-១៩ យើងនឹងមានឱកាសអាចធ្វើបុណ្យ ជួបជុំក្រុមគ្រួសារបានជាច្រើនឆ្នាំទៀត។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ប្រមុខរាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវវិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ ការឆ្លងរាលដាលទ្រង់ទ្រាយធំទូទាំងប្រទេស នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស ដើម្បីធានាការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ខណៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងបើកដំណើរការសាលារៀនឡើងវិញ ក៏ដូចជាកំពុងរៀបចំផែនការដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសពេញលេញឡើងវិញ នាពេលខាងមុខ៕
ដោយ៖សហការី