ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបុករះរថយន្ត២គ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់បានបេីកបររថយន្តកូរ៉េក្នុងល្បឿនលឿនទាំងរថយន្តដាច់ហ្វ្រ័ងធ្វើឱ្យជ្រុលទៅបុករថយន្តម៉ាកតូយ៉ូតាព្រូសដែលបេីកឆ្លងផ្លូវបណ្តាលឱ្យរងការខូចខាត ហេីយរថយន្តបង្កហេតុនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករថយន្តម៉ាកCRVមួយគ្រឿងទៀត តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ 

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រសៀល​ថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២១​នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងភូមិក្បាលដំរី២​សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស​ ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ​2AZ-7349 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរចេញពីផ្លូវលំឆ្លងមហាវិថីសហព័ន្ធរុស្ស៊ី​ ខណៈឆ្លងជិតផុតទៅហេីយស្រាប់តែមានរថយន្តកូរ៉េពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AH- 4430​ បើកតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលទៅបុកគូទរថយន្តព្រូសផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលឱ្យរងការខូចខាត​ ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករថយន្តម៉ាកCRV ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2AF-0335​ ចំពីចំហៀងពេញទំហឹងបណ្តាលឱ្យបែកកង់ក្រោយផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ 

    បេីតាមការបញ្ជាក់ពីម្ចាស់រថយន្តបង្កហេតុវិញបានឱ្យដឹងថា​ ដោយសារតែរថយន្តរបស់គាត់ដាច់ហ្វ្រ័ងជាន់មិនជាប់ទេីបបង្កគ្រោះថ្នាក់បែបនេះ។ 

   ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុប្រាប់ឱ្យភាគីទាំងអស់សម្របសម្រួលគ្នា តែដោយសារមិនត្រូវគ្នាទេីបប្រគល់ឱ្យជំនាញចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖