ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះឃាត់ខ្លួនជនជាតិថៃចំនួន ២៦នាក់បម្រុងឆ្លងដែនខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃចំនួន ២៦នាក់ក្នុងនោះស្រីចំនួន ១២នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់មកកម្ពុជា ត្រូវកម្លាំងកងការពារព្រំដែនលេខ៥០៣ធ្វើការ សហការជាមួយកងពលតូចថ្មើរជើងលេខ៥១ និងនគរបាលព្រំដែនគោកលេខ៩១១  ឃាត់ខ្លួនបាននៅវេលាម៉ោង០១និង៤០នាទីរំលងអធ្រាត្រ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពេលដែលពួកគេ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ ។ 

  សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថា កងអនុសេនាធំល្បាតទី២  សហការជាមួយកម្លាំងចម្រុះធ្វើការ ឃាត់ខ្លួនបានជនជាតិថៃ ចំនួន ២៦នាក់ ស្រី ១២នាក់ ដែលបម្រុងឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានៅវេលាម៉ោង ០១:៤០នាទីរំលងអធ្រាត្រ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អង្គភាពបានប្រគល់ឱ្យទៅក្រុមការងារចម្រុះនៅច្រកអូរបីជាន់ ។

   ប្រភពថាក្រុមការងារច្រកអូរបីជាន់បានបំពេញបែបបទនិងប្រគល់ជនជាតិថៃទាំងអស់វិលទៅកាន់ប្រទេសថៃវិញ នៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១ទៅឱ្យ តម្រួត ត.ឆ.ដ ថៃ កងរយលេខ១២៦ ប៉ុស្ដិ៍៣៨ ស្ថិតក្នុងភូមិសាស្រ្ត ភូមិណងម៉ាក់មុន ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ។

គួររំលឹកថានៅយប់ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២១ឃើញថាកម្លាំងសមត្ថកិច្ចចម្រុះតាមបន្ទាត់ព្រំដែនកម្ពុជា ថៃនៅគោលដៅខាងជើងផ្លូវជាតិលេខ៥និងខាងត្បូងផ្លូវជាតិលេខ៥បានសហការគ្នាឃាត់ខ្លួនពលករជិត៥០នាក់ក្នុងការរឹតបន្តឹងដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺcovid-19 ដែលកំពុងរាតត្បាត ៕

ដោយ ៖ វណ្ណា


ចែករំលែក៖