ខេត្តបាត់ដំបង ៖ ជនសង្ស័យ២នាក់ខាងជំនាញលួចកាត់ខ្សែភ្លើងត្រូវបានឃាត់ខ្លួននេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបង។
ការឃាត់ខ្លួនជនខាងលើនេះ នៅថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថាជនទាំង២នាក់នេះស្រាវជ្រាវចាប់ខ្លួនកាលពីថ្ងៃទី ២៨ កញ្ញាម្សិលមិញនេះ ក្រោយ០២ថ្ងៃ ដែលពួកគេបានរួមដៃគ្នាចូលលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រម្សៅមីមួយកន្លែង។
យោងតាមរបាយការណ៍កងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ គា ណៃ អាយុ២៣ឆ្នាំ នៅភូមិស្វាយវែង ឃុំកំរៀង និងម្នាក់ទៀតឈ្មោះ ខ្វើ កើ អាយុ២៣ឆ្នាំ នៅភូមិកំរៀង ឃុំកំរៀង។
ពួកគេទាំង០២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង ឃាត់ខ្លួន ក្រោយទទូលបណ្ដឹងពីឈ្មោះ សុខ ចំរើន ភេទប្រុសអាយុ៤១ឆ្នាំ តំណាងក្រុមហ៊ុន ផលិតម្សៅមី (BAI) ដែលប្ដឹងករណីចោរលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រ។
បើតាមសម្តីតំណាងក្រុមហ៊ុន លោក សុខ ចំរើន បានប្ដឹងទៅកាន់មន្ត្រីកងរាជអាវុធហត្ថថាមាន ជនមិនស្គាល់មុខបានចូលលួចកាត់ខ្សែភ្លើង និងសម្ភារមួយចំនួនទៀតនៅក្នុងរោងចក្រម្សៅមី កាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៦ កញ្ញា ។ ក្រោយទទូលបានបណ្ដឹងតំណាងក្រុមហ៊ុនខាងលើ បើកការស្រាវជ្រាវអស់រយៈពេល០២ថ្ងៃក្រោយមក កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង បានធ្វើការស្រាវជ្រាវរហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ថែមទាំងដកហូតវត្ថុតាងមួយចំនួនផង។
វត្ថុតាងទាំងនោះរួមមាន ខ្សែភ្លើងស្ពាន់ចំនួន៩គីឡូក្រាម ម៉ូតូម៉ាកវ៉េវកញ្ចាស់សម្រាប់ជិះធ្វើសកម្មភាពលួច០១គ្រឿង និង ម៉ូទ័រភ្លើង០១គ្រឿង។
មន្ត្រីកងរាជអាវុធហត្ថ ខាងលើបាននិយាយថា ក្រោយពេលឃាត់ខ្លួនជនទាំង០២នាក់បានសារភាពថា ពួកខ្លួនពិតជាបានលួចកាត់ខ្សែភ្លើង និងសម្ភារមួយចំនួនទៀត នៅក្នុងរោងចក្រម្សៅមីខាងលើនេះមែន។ខណៈពេលនេះ មន្ត្រីជំនាញ កំពុងសួរនាំ និង កំពុងរៀបចំសំណុំរឿងបញ្ជូនជនទាំង០២នាក់ទៅសាលាដំបូងខេត្តរួចរាល់ហើយ៕
ដោយ៖ អរុណរះ