ព័ត៌មានទាន់ហេតុការណ៍៖

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាមេដែកដ៏សំខាន់មួយទៀតក្នុងការស្រូបទាញភ្ញៀវទេសចរ

ចែករំលែក៖

ខេត្ត​កំពត៖ បេី​យោង​តាម​ប្រសាសន៍​របស់​លោក​ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ក្នុងការធានាសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ ក៏ដូចជានឹងក្លាយជាមេដែកដ៏សំខាន់មួយទៀតក្នុងការស្រូបទាញទេសចរជាតិ-អន្តរជាតិ។

លោករដ្ឋមន្ត្រីទេសចរណ៍​បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសដែលលោក ព្រមទាំងលោក ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំក្រុមការងារ និងមន្ត្រីរាជការចុះត្រួតពិនិត្យសកម្មភាពសាងសង់ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ​។

សូមជម្រាបថា​ កំពង់ផែទេសចរណ៍អន្តរជាតិនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្នការងារការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៨៤% និងការងារសាងសង់អគារអ្នកដំណើរសម្រេចបានប្រមាណ៧៣% ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១ខាងមុខនេះ ។

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ជាគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL)។ ការសាងសង់កំពង់ផែនេះស្ថិតក្រោមការគ្រប់គ្រង ដោយអង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

មិនតែប៉ុណ្ណោះ​កំពង់ផែនេះ គឺជាកំពង់ផែទេសចរណ៍អន្តរជាតិដែលគ្រោងផ្ទុកទេសចរ និងអ្នកដំណើរប្រមាណ១លាននាក់។ កំពង់ផែនេះមានរចនាសម្ព័ន្ធតាមស្តង់ដារអន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ)។

កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់សម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតនៃប្រទេសកម្ពុជាទៅកាន់ពិភពលោក។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។

លោករដ្ឋមន្រ្តី ថោង ខុន និងលោកអភិបាលខេត្ត ជាវ តាយ ក៏បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលហេដ្ឋរចនាសម្ព័ន្ធខ្នាតតូចនៅក្នុងតំបន់រមណីយដ្ឋានអេកូទេសចរណ៍ពាមក្រសោប ខេត្តកោះកុង រមណីយដ្ឋានទេសចរណ៍វត្តភ្នំសសៀរ ខេត្តកែប និងរមណីយដ្ឋានទេសចរណ៍ភ្នំកំពង់ត្រាច ខេត្តកំពត ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖

* សហគមន៍ទេសចរណ៍ពាមក្រសោប ខេត្តកោះកុង បានទទួលមណ្ឌលព័ត៌មាន បង្គន់អនាម័យសាធារណៈ មណ្ឌលផលិត និងលក់ផលិតផលសហគមន៍រួមទាំងការបំពាក់សម្ភារបរិក្ខារបម្រើឱ្យការផលិត និងឡដុតសំរាមមួយដែលមានសមត្ថភាពដុតសំរាមបានពី២-៤ តោនក្នុងមួយថ្ងៃ។

* សហគមន៍ទេសចរណ៍វត្តភ្នំសសៀរ ខេត្តកែប បានទទួលបានមណ្ឌលព័ត៌មាន បង្គន់អនាម័យសាធារណៈ បង្កាន់ដៃប្រវែង ២២៧ ម៉ែត្រ និងជណ្តើរនៅក្នុងរូងភ្នំចំនួនពីរប្រវែង១៣ម៉ែត្រ។

* រមណីយដ្ឋានភ្នំកំពង់ត្រាច ខេត្តកំពត បានទទួលមណ្ឌលព័ត៌មាន បង្គន់អនាម័យសាធារណៈ តូបលក់ចំនួន១៥ តូប បង្កាន់ដៃ និងជណ្តើរនៅក្នុងល្អាងភ្នំប្រវែង ២៤០ ម៉ែត្រ៕

ដោយ​៖ស​ តារា​


ចែករំលែក៖