ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា, ដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនាម គ.វ.ក-១៩ ខ្ញុំសូមដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវឯកសារផែនការសកម្មភាពអនុវត្តន៍គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញដេីម្បីបង្កេីនភាពស៊ាំប្រឆាំងនឹងមេរោគកូវីដ-១៩ ។
ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់ជាបន្តបន្ទាប់ ដើម្បីការពារអាយុ ជីវិតប្រជាពលរដ្ឋកម្ពុជា ការពារប្រព័ន្ធសុខាភិបាល និងកាត់បន្ថយផលប៉ះពាល់លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងលើ សកម្មភាពសង្គម-សេដ្ឋកិច្ច។ ក្នុងនោះយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជាយុទ្ធសាស្ត គន្លឹះមួយ ក្នុងការបង្ការកាត់បន្ថយ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីបង្កើតឱ្យបាននូវភាពស៊ាំក្នុងសហគមន៍ សំដៅ ឈានឆ្ពោះទៅបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។
បច្ចុប្បន្នដោយមានការរាតត្បាតនៃមេរោគកូវីដ-១៩ បំប្លែងខ្លួនប្រភេទដែលតា ក្នុងសហគមន៍ បាននាំមកនូវបញ្ហាប្រឈមថ្មី មួយទៀតដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយសារការចម្លងរបស់មេរោគនេះមានល្បឿនលឿន បង្កភាពធ្ងន់ធ្ងរ ដល់អ្នកជំងឺ អាចបណ្តាលឱ្យអត្រាស្លាប់ខ្ពស់ជាងប្រភេទមេរោគកូវីដ-១៩ ផ្សេងៗទៀត និងបន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំង។ អ្នក វិទ្យាសាស្ត្រជាច្រើនបានធ្វើការស្រាវជ្រាវ និងបានបង្ហាញទឡឹករណ៍បែបវិទ្យាសាស្ត្រអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដែលបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខក្នុងខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ បំប្លែង ខ្លួនប្រភេទថ្មីៗ ជាពិសេស មេរោគកូវីដ-១៩ បំប្លែងខ្លួនប្រភេទដែលតា ហើយប្រទេសមួយចំនួនបានដាក់ចេញនូវយុទ្ធនាការចាក់ វ៉ាក់សាំងដូសជំរុញ។ នៅក្នុងបរិការណ៍នេះ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ ដែលត្រូវចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ២០២១ រហូតដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ដើម្បី ពង្រឹងប្រព័ន្ធការពារឱ្យបានរឹងមាំបន្ថែមទៀត។
រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដោយ មិនបង់ថ្លៃសម្រាប់ដូសទី ១ និងដួសទី២ និងនៅតែបន្តសម្រាប់វ៉ាក់សាំងដូសជំរុញ។ ទន្ទឹមនេះ ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំង ដូសជំរុញនេះ ក៏ដូចជាដើម្បីកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ រាជរដ្ឋាភិបាលលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាជនដែលមាន លទ្ធភាពគ្រប់គ្រាន់ ឱ្យទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះ នៅតាមគ្រឹះស្ថាន សុខាភិបាលឯកជន ដែលទទួលបានការ អនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូរីដ-១៩ នេះ។ ដោយឡែក បណ្តារោងចក្រ សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ក៏ត្រូវបាន លើកទឹកចិត្តឱ្យចូលរួមចំណែកចែករំលែកបន្ទុកចំណាយជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ការចាក់វ៉ាក់សាំងដូសជំរុញនេះដល់ បុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស និងទីតាំងអាជីវកម្ម និងធានាបាននូវសុវត្ថិភាព និងនិរន្តរភាពនៃកិច្ចដំណើរការផលិតកម្មជាប្រក្រតីនៅក្នុងរោងចក្រ សហគ្រាស ឬអាជីវកម្មរបស់ខ្លួន។
ការដាក់ចេញឱ្យអនុវត្តនូវ ផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជំរុញដើម្បីបង្កើនភាពស៊ាំ ទប់ទល់នឹងមេរោគកូវីដ-១៩ រៀបចំឡើងស្របតាមខ្លឹមសារនៃគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញរបស់ រាជរដ្ឋាភិបាល។ ផែនការនេះមានគោលបំណង កាត់បន្ថយការឆ្លង ភាពធ្ងន់ធ្ងរនៃជំងឺ ការឈឺ សម្រាកពេទ្យ និងស្លាប់ដែលបណ្តាលមក ពីជំងឺកូវីដ-១៩ និងទប់ទល់នឹងការគម្រាមកំហែងនៃមេរោគបំប្លែងខ្លួនប្រភេទថ្មីៗ តាមរយៈការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសជំរុញ ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើង។
លោកស្រីវេជ្ជបណ្ឌិតបន្តថា, ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ អនុគណៈកម្មការផែនការ និងថវិកានីយកម្ម អនុគណៈកម្មការនានា និងសូមថ្លែង អំណរគុណចំពោះអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តចំណុះគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩) ព្រមទាំងការសហការពីអជ្ញាធរមានសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន ប្រជាពលរដ្ឋកម្ពុជាកន្លងមក និងដែលបានផ្ដល់ធាតុចូលក្នុងការកសាងផែនការដ៏មានសារសំខាន់នេះ។
លោកស្រីវេជ្ជបណ្ឌិតបានថ្លែងទៀតថា, ខ្ញុំសង្ឃឹមថា ផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញដើម្បីបង្កើនភាពសុំាទប់ទល់នឹង មេរោគកូវីដ-១៩ នឹងត្រូវបានយកទៅអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ និងទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជាគុណ ប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប៕
ដោយ ៖ សិលា