ការថើបថ្ពាល់ដើម្បីស្វាគមន៍គ្នានៅក្នុងប្រទេសបារាំង ដែលគេហៅថា«la baise»គឺជាប្រពៃណីដ៏យូរលង់ណាស់មកហើយរបស់ពលរដ្ឋបារាំង ប៉ុន្តែត្រូវបានហាមប្រាមក្រោយពីមានការឆ្លងកូវីដ-១៩ ជាទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះ ។ ពិធីស្វាគមន៍គ្នាដោយការឱបថើបនោះត្រូវបានគេលើកឡើងថា អាចនឹងត្រូវបាត់បង់ ដោយសារតែការឆ្លងកូវីដ-១៩។
ក្នុងពេលដែលបារាំងមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតនោះ មន្ត្រីរដ្ឋាភិបាលបារាំង បានចេញបញ្ជាហាមប្រាម រាល់សកម្មភាពជិតស្និទ្ទនឹងគ្នា ក្នុងនោះមានទាំងពិធីស្វាគមន៍តាមបែបប្រពៃណីឱបថើបថ្ពាល់ជាដើម។ ប៉ុន្តែមកទល់ពេលនេះ មានពលរដ្ឋបារាំងជាង ៧០% ហើយបានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩គ្រប់ចំនួនពីរដូស គឺដោយសារតែបែបនេះហើយទើបរដ្ឋាភិបាលសម្រេចលុបការហាមប្រាមទាំងនោះចេញ ។ ពលរដ្ឋបារាំងពិតជារីករាយយ៉ាងខ្លាំងក្រោយការ«បែកបាក់គ្នាដោយសារកូវីដ-១៩» ហើយពេលនេះពួកគេបានជួបជុំគ្នាវិញ និងអាចឱបថើបគ្នាបាននៅទីសាធារណៈដោយសេរី។
លោក VinCent Seznec ជនជាតិបារាំងដែលរស់នៅទីក្រុងប៉ារីសបានលើកឡើងថា «យើងពិតជារីករាយយ៉ាងខ្លាំង ក្រោយពិធីស្វាគមន៍ La Baise បានវិលត្រឡប់មកដូចដើមវិញ ។ ទាំងនោះគឺជាវប្បធម៌ ដ៏ជិតស្និទ្ធរបស់ពលរដ្ឋបារាំង។
កន្លងមក ប្រធានាធិបតីបារាំងលោក ម៉ាក្រុង ក៏បានអំពាវនាវដល់ពលរដ្ឋ ឈប់ឱបថើបគ្នានៅទីសាធារណៈ ក្នុងពេលដែលសង្គមមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ ពិធីស្វាគមន៍នោះត្រូវទុកមួយឡែកសិន ដើម្បីបញ្ចៀសការឆ្លងកូវីដ-១៩ ។
ប៉ុន្តែបើទោះបីពិធីស្វាគមន៍តាមបែបស្និទ្ធស្នាលបានអនុញ្ញាតឡើងវិញក្តី ក៏ឥទ្ធិពលនៃកូវីដ-១៩ ពិសេស គឺកូវីដ-១៩បំប្លែងថ្មីធ្វើឱ្យពលរដ្ឋបារាំងខ្លាចរអានៅក្នុងការឱបថើបស្វាគមន៍គ្នាខណៈកូវីដ-១៩ មិនទាន់រលាយអស់ពីផែនដីយើងនេះ៕
ដោយ៖ធីរីណា(ប្រភព៖Vietnamnet.vn)