ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ៤នាក់ក្នុងសង្កាត់ផ្សារដើមថ្កូវ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទីរសៀលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចច្រកចូលក្រុមហ៊ុនគង់ហុង ផ្លូវលំ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

   លោកវរសេនីយ៍ទោ  ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមនបានឱ្យដឹងថា ពេលបង្ក្រាបនោះកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់គឺ១-ឈ្មោះ សូ នីតា ហៅ ស្រីម៉ៅ ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន(ម្ចាស់ថ្នាំញៀន), ២-ឈ្មោះ សៅ វិច្ឆិកា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣ ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាអ្នកហៅម៉ូយទិញថ្នាំ ក្នុងនោះសមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លានៅក្នុងដៃអាវចំនួន៦កញ្ចប់តូច(សង្ស័យថ្មាំញៀន), ៣-ឈ្មោះ កែវ គឹមឌៀន ភេទ ប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន មានថ្នាំញៀន១កញ្ចប់ និង៤-ឈ្មោះ គឹម តារា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅម្តុំវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ មានថ្នាំញៀន៣កញ្ចប់។

 នៅចំពោះមុខ កម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ ជីណា


ចែករំលែក៖