ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ពុំដឹងជាមានរឿងហេតុអ្វីទេបានកាន់ដាវមកឈរមុខផ្ទះសំណាក់រួចស្រែកគំរាមកំហែងរកសម្លាប់បុរសជាម្ចាស់ផ្ទះសំណាក់នោះដែលកំពុងអង្គុយផឹកតែ ធ្វើឲ្យបុរសរងគ្រោះភ័យខ្លាចក៏ប្តឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួនភ្លាមៗតែម្ដង។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទីនៅចំណុចភូមិ សៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ណិប កេសា ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ។ ចំណែកជនសង្ស័យឈ្មោះ យ៉េន ចាន់ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានមុខរបរ មិនពិតប្រាកដ( ឃាត់ខ្លួន)។ ចំណែកវត្ថុតាងចាប់យកមានដាវផ្លែដែក ដងឫស្សី ប្រវែង៧៧សង់ទីម៉ែត្រ។
ប្រភពដដែលបន្តថា នៅថ្ងៃ/ខែ/ឆ្នាំកេីតហេតុជនរងគ្រោះកំពុងអង្គុយផឹកតែនៅមុខផ្ទះសំណាក់របស់ខ្លួនយីហោ កេសា តែម្នាក់ឯង ស្រាប់តែជនសង្ស័យបានដេីរមកពីទិសខាងលិចដោយនៅដៃមានកាន់ដាវមួយផង។ ពេលជនសង្ស័យដើរមកដល់ចំណុចកេីតហេតុក្រឡេកឃេីញជនរងគ្រោះកំពុងអង្គុយម្នាក់ឯងក៏ឈប់ហេីយស្រែកគំរាមថា«អញនឹងសម្លាប់អ្ហែង»ដោយពុំដឹងមូលហេតុ។ បន្ទាប់មកជនសង្ស័យបានរត់ចូល រួចយារដៃបម្រុងកាប់ជនរងគ្រោះ។ ភ្លាមនោះ ជនរងគ្រោះបានរត់ចូលទៅក្នុងផ្ទះហេីយបិទទ្វារដាក់គន្លឹះជាប់ ពេលនោះជនសង្ស័យបានស្រែកនៅមុខផ្ទះថា “អញនឹងសម្លាប់អ្ហែងចោល” ។រំពេចនោះជនរងគ្រោះបានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សៀមរាបតែម្ដង។
ក្រោយពីបានទទួលបានព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសៀមរាបបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានដេីម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ស្អាងជ័យ