ព័ត៌មានទាន់ហេតុការណ៍៖

អកុសលម្ល៉េះ!! រថយន្តធ្លាក់ទូកុងតឺន័រសង្កត់អ្នកបើកបរបណ្ដាលឲ្យស្លាប់នៅសង្កាត់ព្រែកឯង

ចែករំលែក៖

     ភ្នំពេញ​ ៖​ បុរសម្នាក់ជាអ្នកបើករថយន្តកុងតឺន័របានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបើករថយន្តយ៉ាងលឿនទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវហើយក៏រេចង្កូតបន្តទៅបុកដើមពុទ្រានិងដើមត្នោតបណ្ដាលឱ្យធ្លាក់ទូកុងតឺន័រសង្កត់លើអ្នកបើកពេលអ្នកបើកលោតចុះពីក្នុងកាប៊ីនរថយន្តកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១នៅចំណុចភូមិចុងថ្នល់ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

  ជនរងគ្រោះដែលស្លាប់មានឈ្មោះ គិត ចំរើន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត មានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិអម្ពិល ឃុំពន្លៃ ស្រុកអង្គរបុរី  ខេត្តតាកែវ ។ជនរងគ្រោះបើករថយន្តកុងតឺន័រ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3B-3694 និងរុឺម៉កខាងក្រោយពាក់ស្លាកលេខភ្នំពេញ4A.0484 បើកបរតែម្នាក់ឯង។

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តកុងតឺន័របើកតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងទៅជើងគឺពីស្ពានព្រែកសំរោងទៅផ្លូវជាតិលេខ១ក្នុងល្បឿនយ៉ាងលឿន។ លុះបើកមកដល់ចំណុចកើតហេតុខាងលើសង្ស័យតៃកុង ងងុយដេកទើបគេឃើញរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យបាក់អស់១ដើម ហើយរថយន្តក៏រេចង្កូតមកខាងស្ដាំដៃវិញ ខណៈ ពេលនោះអ្នកបើកក៏លោតចុះពីលើរថយន្តក៏ស្រាប់តែទូកុងតឺន័រទាំងពីរកំណាត់បានធ្លាក់មកកិនពីលើបណ្ដាលឱ្យបែកសាច់ខ្ទេចស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយរថយន្តបន្តទៅបុកចូលក្នុងដីឡូត៍ក្បែរមុខផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យបាក់ដើមពុទ្រានិងបុកដើមត្នោតកល់ជាប់ទៅមុខលែងរួច។

    ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ។  ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖