ភ្នំពេញ ៖ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វេីការបង្ក្រាបជាក់ស្តែងករណីប៉ុនប៉ងលួច(ទ្រព្យសម្បត្តិ) កាលពីវេលាម៉ោង០១និង៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចខាងមុខខ្លោងទ្វារវត្តពោធិញាណ ផ្លូវលេខ៣៧១ ស្ថិតក្នុភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យ០៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ យ៉ាត ភារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនៅផ្សារដើមគស្នាក់នៅផ្ទះជួលក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ផាន ផារី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ,ទី៣-ឈ្មោះ សុខ ចាន់ឌី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់អេតចាយ មានទីលំនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ, ទី៤-ឈ្មោះ អ៊ុំ ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ទី៥-ឈ្មោះ អូន ម៉ាលីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមទីសាធារណៈ ក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងចាប់យកមាន៖ ដែកជ្រុងចុងសំប៉ែតស្រួចចំនួន០១, កន្ត្រៃកាត់កំណាត់ចំនួន០១, សោខ្សៀលេខ៨ចំនួន០២, សោខ្សៀលេខ១០ចំនួន០១, ដង្កាប់ចំនួន០២, ទូរស័ព្ទដៃចំនួន០៤គ្រឿង (ម៉ាកហូវៃចំនួន០២គ្រឿង, ម៉ាកវីវ៉ូ ចំនួន០១គ្រឿង, ម៉ាកសាំសុងចំនួន០១គ្រឿង), ម៉ូតូរ៉ឺម៉កកង់បី ពណ៌ក្រហមខ្មៅ គ្មានស្លាកលេខ (ម៉ូតូរ៉ឺម៉កចាស់)ចំនួន០១គ្រឿង ។
គួរបញ្ចាក់ថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០១និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ និងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ តាមផ្លូវលេខ៣៧១ ដល់ចំណុចខ្លោងទ្វារវត្តពោធិញាណ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន០៥នាក់កំពុងជិះរ៉ឺម៉កម៉ូតូ ពណ៌ក្រហមខ្មៅ គ្មានស្លាកលេខ (រ៉ឺម៉កម៉ូតូចាស់) ឌុបគ្នាលើផ្លូវលេខ៣៧១ ពីលិចទៅកើត ។ ពេលនោះសមត្ថកិច្ចមានការសង្ស័យក៏បានហៅឱ្យឈប់ ធ្វើការត្រួតពិនិត្យ ហើយរកឃើញមានវត្ថុតាងពាក់ព័ន្ធបទល្មើសខាងលេី ក៏បានឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ