ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ ស្ពាន៧កន្លែង នៅតាមមាត់ប្រឡាយមេ ប្រឡាយទួលពង្រ១ ស្ថាបនារួចរាល់១០០ ភាគរយ ហើយជាមួយនឹងការស្ដារប្រឡាយធ្វើឱ្យទឹកហូរលឿន

ចែករំលែក៖

ភ្នំពេញ៖ ស្ពានចំនួន៧កន្លែង នៅតាមមាត់ប្រឡាយមេ នៅប្រឡាយទួលពង្រ១ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រុមការងារ បានស្ថាបនារួចរាល់១០០ភាគរយហើយ ដែលធ្វើអោយតំបន់ធ្លាប់លិចលង់ខ្លាំង លែងលិចលង់ធ្ងន់ធ្ងរដូចពេលមុនៗទៀត។ ចំណែកការងារបុកសុីផាយនៅតាមមាត់ប្រឡាយមិនទាន់រួចរាល់ទេ។

     លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ បានបញ្ជាក់ ឲ្យដឹងនៅថ្ងៃទី០១ តុលា ២០២១នេះថា៖ ដោយ មានការណែនាំ និងចង្អុលបង្ហាញពី លោក ឃួង ស្រេង ​ អភិបាលរាជធានីភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរខណ្ឌពោធិសែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧ កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ។ គិតមកដល់ត្រឹមថ្ងៃទី០១ តុលា នេះ ការដ្ឋានទាំងមូលបាន ១០០ភាគរយហើយ ។

   លោកបន្តថា ៖ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌមានជ័យទៅកាន់បឹងជេីងឯកនិង​បន្ត​ហូរ​ទៅកាន់ស្ទឹងជ្រៅ ។ គំរោងការនេះ បានកាត់បន្ថយ ជំនន់ទឹកភ្លៀងបានមួយកំរិតធំ។

   គម្រោង ស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ  ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ ។

     គួរបញ្ជាក់ថា ការដ្ឋានធ្វើស្ពានចំនួន៧ កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះ បានធ្វើពិធីក្រុងពាលីតាមបែបសាសន៍ ជាមួយក្រុមហ៊ុនទទួលម៉ៅការ កាលពីថ្ងៃទី២១ មិនាឆ្នាំ២០២១ ក្រោមវត្តមានលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ។

  លោកសាំ ពិសិដ្ឋ  ក៏បានបញ្ជាក់បន្ថែមទៀតថា៖ ឆ្នាំនេះ រដ្ឋបាលហើយធានីភ្នំពេញ បានធ្វើការស្ដារប្រឡាយ លូជាច្រើនខ្សែ ជាមួយ នឹងការដាក់ប្រព័ន្ធលូខ្នាតធំជាច្រើនខ្សែផងដែរ ដែលបានធ្វើឲ្យតំបន់ដែលធ្លាប់លិច នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដូចជានៅខណ្ឌដង្កោ បានបន្ថយនូវការលិចលង់យ៉ាងច្រើន ។ ជាក់សម្ដែងនៅឆ្នាំនេះ បុរីពិភពថ្មីត្រពាំងថ្លឹង៣ ដែលធ្លាប់តែលិច គឺមិនមានការលិចលង់ដូចបណ្ដាឆ្នាំមុនទៀតនោះទេ ។ ដោយឡែកនៅតំបន់វត្តភ្នំ ក៏លែងទទួលរងការលិចលង់ទៀតដែរ ដោយសារតែតំបន់នេះ គម្រោងហិរញ្ញប្បទានឥតសំណង សម្រាប់ការការពារទឹកជំនន់និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤របស់ចៃកា ត្រូវបានបញ្ចប់ហើយដែរនោះ ៕

ដោយ ៖ សំរិត


ចែករំលែក៖