ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង វុទ្ធី ចុះពិនិត្យ​បញ្ជីឈ្មោះ​ សមាជិកបក្ស​ប្រជាជនឃុំអារក្សត្នោត

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ ជាថ្មីម្តងទៀត​ នៅព្រឹក​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងលោកអនុប្រធានក្រុមការងារ​ ព្រមទាំងសហការី បានចុះដល់មូលដ្ឋានភូមិគីឡូ៧ ឃុំអាក្សត្នោត ស្រុកស្ទឹងត្រង់ ដើម្បី​ត្រួតពិនិត្យកសាងសមា​ជិកគណបក្សប្រជា​ជនថ្មី និងជំរុញសមា​ជិកបក្សឲ្យចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ។

លោក ហេង វុទ្ធី បានមានប្រសាសន៍ថា បើបងប្អូនពលរដ្ឋជាសមាជិក ​សមាជិកាគណបក្សប្រជាជនកម្ពុជា ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នោះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព​ និងបានលើកទឹកចិត្តដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងការបន្តកសាង និងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនឱ្យកាន់តែរីកចម្រើនថែមទៀត។ 

លោកបានបន្ថែមថា គម្រោងផែនការអភិវឌ្ឍជាច្រើនទៀត នឹងត្រូវបានផ្តល់ជូនដល់បងប្អូនបន្ថែមលើសមិទ្ធផល ដែលបងប្អូនប្រជាពលរដ្ឋកំពុងទទួល​ផលកើតចេញពីការរួមចំណែករបស់ក្រុមការងារ ដែលបានគិតគូរនិងដោះស្រាយនូវរាល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល។​ 

លោក ហេង វុទ្ធី ក៏បានផ្តាំផ្ញើដល់ភ្នាក់​ងារ​បក្ស និងប្រធានក្រុមបក្សសូមពិនិត្យមើលសមាជិករបស់ខ្លួន និងនាំគ្នាទៅបោះឆ្នោត ដើម្បីថែរក្សាសុខសន្តិភាព​ និងបរិយាកាសការងារ ក៏ដូចជាការ លើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោក​បានក្រើនរម្លឹកដល់ភ្នាក់ងារគណបក្ស​​ និងអ្នកសង្កេតការណ៍បោះឆ្នោតដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជានៅតាមការិយាល័យបោះឆ្នោតនីមួយៗត្រូវគោរពច្បាប់ នីតិវិធី​​​ និងការណែនាំរបស់ គ.ជ.ប ឱ្យបានត្រឹមត្រូវ ។

លោកបា​នបញ្ជាក់ប្រាប់ថា​ តាមរយៈ​ការ​ពិនិត្យ​បញ្ជីឈ្មោះបក្ស​រកឃើញសមាជិក​  មាន៥ករណីដូចជា​ ៖​ ១-អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតចំនួន៤៦នាក់ (ក្នុងនោះអ្នកទើបគ្រប់អាយុ​១៨ឆ្នាំមានចំនួន១២នាក់)​ ;​ ២-អ្នកផ្លាស់ទីលំនៅចេញមានចំនួន៦២នាក់ ;​ ៣-អ្នកចំណាកស្រុកក្រៅប្រទេសមានចំនួន៣៩នាក់ (ក្នុងនោះអ្នកមានឈ្មោះបោះឆ្នោតមានចំនួន២០នាក់)​ ;អ្នកចំណាកស្រុកក្នុងប្រទេសមានចំនួន១៦នាក់​ និងអ្នកស្លាប់មានចំនួន០៣នាក់។

លោក ហេង វុទ្ធី បានបញ្ជាក់រម្លឹកដល់​ បងប្អូនថា​ ក្នុងអាណត្តិ៥ឆ្នាំកន្លងទៅនេះ​ ប្រជាពលរដ្ឋទាំងអស់គ្នាបានរស់នៅជាមួយសុខសន្តិភាព​ ដែលកើតចេញពីការប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិនៃរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែល​ មានសម្តេច ហ៊ុន សែន ជាប្រមុខ។ 

ក្រោយជួប​សំណេះសំណាល​និងពិនិត្យ​បញ្ជីចប់​លោក ហេង វុទ្ធី បានឧបត្ថម្ភថវិកាជូនដល់សាខាបក្សភូមិគីឡូ៧ចំនួន​៤២ម៉ឺនរៀល៕​

ដោយ​ ៖​ វណ្ណ:


ចែករំលែក៖