ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមអនឡាញ ស្តីពី «ការងារអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍សាខា របស់កាកបាទក្រហមកម្ពុជា និងកែសម្រួលលើផែនការសកម្មភាពមួយចំនួនរបស់ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ»

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី ៤ ខែតុលា ឆ្នាំ២០២១នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមអនឡាញ ស្តីពី «ការងារអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍សាខា របស់កាកបាទក្រហមកម្ពុជា និងកែសម្រួលលើផែនការសកម្មភាពមួយចំនួនរបស់ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ» ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ-មន្ត្រីនៃអគ្គលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំនៃនាយកដ្ឋានទាំង៥ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សរុបចំនួន ១៧នាក់។

ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរចំពោះថ្នាក់ដឹកនាំនៃក្រុមប្រតិបត្តិទាំងអស់ដែលជាមូលដ្ឋានគ្រឹះ និងជាសេនាធិការដ៏មានសារសំខាន់នៃកិច្ចប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជាទាំងមូល។ លោកស្រីបានគូសបញ្ជាក់ថា «ថ្វីត្បិតតែយើងមិនបានជួបប្រជុំគ្នាដោយផ្ទាល់យ៉ាងណាក៏ដោយ ក៏ស្មារតីនៃការយកចិត្តទុកដាក់បំពេញការងារ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ-មន្ត្រីប្រតិបត្តិទាំងអស់ បាននិងកំពុងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តដើម្បីបំពេញភារកិច្ចរៀងៗខ្លួន។ ទន្ទឹមនឹងនេះ សាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានី-ខេត្ត ក៏មានភាពម្ចាស់ការដឹកនាំប្រតិបត្តិការឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌នៅក្នុងបូរណភាពដែនដីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ស្របតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ហើយនៅតែបន្តរក្សាការពិគ្រោះយោបល់ រវាងថ្នាក់កណ្តាល និងគណៈកម្មាធិការសាខាតាមអនឡាញជាប់ជាប្រចាំ។»

អង្គប្រជុំបានពិនិត្យ ពិភាក្សា ពិគ្រោះយោបល់គ្នា និងឯកភាពគ្នា ដើម្បីសុំជាគោលការណ៍សម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព៕

ដោយ ៖ សិលា


ចែករំលែក៖