ព័ត៌មានទាន់ហេតុការណ៍៖

ក្រោមមេឃតែមួយវាសនាផ្សេងគ្នា! ក្រុម EV Band អ្នកខ្លះមានជីវិតល្អប្រសើរ មានអ្នកស្លាប់ និងអ្នករស់ទាំងវេទនា

ចែករំលែក៖

ភ្នំពេញ៖ ទស្សនិកជនដែលធ្លាប់បានស្គាល់ពីក្រុមចម្រៀងយុវវ័យកាលពីប្រមាណ២០ឆ្នាំមុន គឺក្រុមចម្រៀង EV Band ពិតជាបានស្គាល់ច្បាស់ដូចថ្ងៃនូវសមាជិក៥នាក់របស់ក្រុមចម្រៀងនេះដែលមានដូចជាលោកឃុំ ប៉ុណ្ណាដែត, លោកសែម សង្វាត, លោក ប៊ូ វិចិត្រ អ្នកនាងឱក សុគន្ធកញ្ញា និងអ្នកនាងយក់ ឋិតរដ្ឋា។ បើគេក្រឡេកមើលពីជីវិតរបស់ពួកគេបច្ចុប្បន្នវិញគឺពិតជាខុសគ្នាដូចមេឃនិងដី ដែលក្នុងចំណោមនេះ អ្នកខ្លះបាននិងកំពុងរស់នៅជាមួយជីវិតដ៏ត្រចះត្រចង់ អ្នកខ្លះស្លាប់បាត់បង់ជីវិត និងអ្នកខ្លះធ្លាក់ខ្លួនខ្លាំងមិនគួរឲ្យជឿ។

  ប្រសិនបើគេក្រឡេកមើលអំពីជីវិតសមាជិកក្រុមវិញគឺមានវាសនាខុសគ្នា ដែលសិល្បករខ្លះនៅតែទទួលបានប្រជាប្រិយភាពខ្ពស់ត្រដែត និងមានជីវភាពធូរធារជាងគេនោះគឺអ្នកនាង ឱក សុគន្ធកញ្ញា ដែលពេលនេះនាងជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងមានកូនប្រុសម្នាក់រួចទៅហើយ។ នាងនៅតែបន្តរក្សាប្រជាប្រិយភាពខ្ពស់ហួសជាងសមាជិកក្នុងក្រុម។ បើងាកមកមើលពីសមាជិកក្រុម២រូបទៀតគឺ អ្នកនាង យក់ ឋិតរដ្ឋា និងលោកឃុំ ប៉ុណ្ណាដែតដែលទទួលយកគ្នាជាប្តីប្រពន្ធនោះក៏មានជីវភាពល្អប្រសើរខ្លាំងផងដែរ ដោយអ្នកនាងយក់ ឋិតរដ្ឋា នៅតែបន្តការងារសិល្បៈផ្នែកចម្រៀង ដោយនាងបានច្រៀងក្នុងផលិតកម្មថោន និងមានកូនប្រុស២នាក់ និងស្រីម្នាក់ដែលជាតំណក់ឈាមរួមគ្នាជាមួយស្វាមី។ ចំណែកលោក ឃុំ ប៉ុណ្ណាដែតវិញបានបញ្ចប់ការងារជាតារាចម្រៀងអស់រយៈពេលជាយូរឆ្នាំមកហើយដោយលោកបម្រើការងារក្នុងក្របខ័ណ្ឌជាមន្ត្រីរាជការម្នាក់ និងជាអ្នកជំនួញអចលនទ្រព្យដ៏ជំនាញផងដែរ។ អ្នកទាំងពីរមានជីវភាពធូរធារដោយមានទាំងរថយន្តទំនើបជិះ មានផ្ទះវីឡាស្នាក់នៅ ព្រមទាំងមានជំនួញជាច្រើនក្នុងដៃទៀតផង។

  ក្រឡេកមើលពីជីវិតរបស់អតីតសមាជិកក្រុមម្នាក់ទៀតគឺលោកប៊ូ វិចិត្រ។ ម្ចាស់បទ “ប៊ិះស៊យ”រូបនេះបានបង្ហាញមុខដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីពាក់កណ្តាលឆ្នាំ២០១៩ ដោយសារតែលោកបានធ្លាក់ខ្លួនមិនគួរឲ្យជឿ។ តារាចម្រៀងកូនកាត់ចិនរូបនេះ ត្រូវបានគេប្រទះឃើញមកធ្វើជាអ្នកបើកថយឡានឲ្យគេនៅម្ដុំផ្សារស៊ីឡិប ក្នុងសភាពគួរឲ្យសង្វេគ ដ្បិតថា ស្មារតីអតីតតារាចម្រៀងរូបនេះហាក់មានភាពមិនប្រក្រតី ក្នុងនោះតាមព័ត៌មានបានឱ្យដឹងថាគឺដោយសារតែលោកធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍។ កាន់តែសង្វេគថែមទៀតនោះគឺលោកគ្មានមធ្យោបាយធ្វើដំណើរ គ្មានសូម្បីតែទូរស័ព្ទចាស់មួយគ្រឿងសម្រាប់ប្រើទំនាក់ទំនង។ 

  មកមើលពីសមាជិកចុងក្រោយគឺលោកសែម សង្វាតវិញ ដែលប៉ុន្មានឆ្នាំមុននេះលោក សែម សង្វាតក៏ទើបតែធ្លាយដំណឹងថា លោកមានស្ថានភាពជីវិតមិនប្រសើរឡើយ។ ក្រោយពីបាត់មុខឈឹងពីសិល្បៈជាង ១០ឆ្នាំទាំងដំណឹងធ្លាក់ខ្លួនឈឺនិងគ្មានសូម្បីតែថវិកាសម្រាប់មើលខ្លួន។ ដូច្នេះហើយ លោកបានសម្រេចលក់ផ្ទះសម្បែងអស់ទៅហើយ ដើម្បីយកលុយព្យាបាលជំងឺ។ម្ចាស់បទ “កម្មករឆ្លងដែន” ត្រូវបានគេមើលឃើញមានរូបរាងស្គមស្គាំងនិងចាស់ច្រើន គឺរហូតមើលមិនចង់ស្គាល់ ហើយលោកទទួលបានក្តីអាណិតអាសូរច្រើនពីសប្បុរសជនដោយបានជួយលោកខ្លះដើម្បីមានមុខរបរផ្ទាល់ខ្លួនមួយគឺការលក់ផ្លែឈើ តែជាអកុសលលោកបានទទួលមរណភាពកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះដោយសារជំងឺធ្វើទុក្ខខ្លាំង ដែលមរណភាពនេះបានបន្សល់ទុកនូវការសោកស្តាយជាពន់ពេកសម្រាប់ទស្សនិកជន និងមិត្តរួមអាជីព។ 

  គួរបញ្ជាក់ដែរថា ក្រុមតារាចម្រៀង EV Band ត្រូវបានបង្កើតឡើងដោយលោក អ៊ា វឌ្ឍនា នៅឆ្នាំ១៩៩៩ ដែលមានសមាជិកទាំងអស់៥នាក់ខាងលើ។ ស្នាដៃ បទល្បីរបស់ពួកគេកាលណោះមានបទ “យើងជាយុវវ័យ” និងបទ “ប៊ិះស៊យ” ជាដើម។ ស្ថាបនិក EV Band លោក អ៊ា វឌ្ឍនា ដែលបានត្រួសត្រាយផ្លូវសិល្បៈឱ្យតារាចម្រៀងទាំង៥ គឺលោកបានលាចាកលោកទៅហើយ កាលពីខែមករា ២០១៧។ មរណភាពរបស់លោកកាលនោះ គឺដោយសារជំងឺបែកទឹកប្រមាត់ បើទោះជាពេលនោះ លោកត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសបារាំងក្តីក៏លោកមិនបានជាសះស្បើយដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖