ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ ។
កម្មវត្ថុ៖ ការពង្រឹងសកម្មភាពយុទ្ធនាការអប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្រុមគោលដៅឱ្យបានគ្រប់ៗគ្នា ។
យោង៖ ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងសុខាភិបាលសូមជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ជ្រាបថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ មានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋមានដំណើរការល្អ ឆ្ពោះទៅសម្រេចបានតាមគោលដៅរំពឹងទុក។ ទន្ទឹមនឹងនេះ យើងក៏សង្កេតឃើញមានការធ្វេសប្រហែសរបស់បងប្អូន ប្រជាពលរដ្ឋមួយចំនួនក្នុងការអនុវត្តវិធានការបង្ការការចម្លងវីរុសកូវីដ-១៩ ដែលធ្វើឱ្យមានការហក់ឡើងវិញនៅការចម្លងជំងឺ កូវីដ-១៩ នៅតាមខេត្តមួយចំនួន ហើយក្នុងនោះការឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ និងការស្លាប់មាននៅក្នុងចំណោមបងប្អូន ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩។ ដូច្នេះ ខ្ញុំសូម លោក លោកស្រី អភិបាលនៃគណៈអភិបាល រាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតអនុវត្តយុទ្ធនាការជាតិ * រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩ – និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងទីតាំងរបស់ខ្លួន ដូចតទៅ៖
ចាត់ចែងអប់រំ ផ្សព្វផ្សាយ ផ្តល់ព័ត៌មានអំពីការចាក់វ៉ាក់សាំង និងលើកទឹកចិត្តដល់កុមារ និងប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំ ឡើងទៅឱ្យទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានឆាប់បំផុត ដើម្បីបង្កើតភាពសាំក្នុងសហគមន៍ កាត់បន្ថយការ ចម្លងវីរុសបន្ថែមទៀត និងកាត់បន្ថយហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មីដែលកំពុងលេចឡើង។
តាមដានស្វែងរកអ្នកមិនទាន់បានចាក់វ៉ាក់សាំងក្នុងសហគមន៍ និងសិក្សាអំពីមូលហេតុជាក់លាក់ដែលពួកគាត់មិនអាច ចាក់វ៉ាក់សាំងបាន ព្រមទាំងរកដំណោះស្រាយសមស្របដើម្បីជួយគាំទ្របងប្អូនប្រជាពលរដ្ឋឱ្យទទួលបានវ៉ាក់សាំង កូវីដ-១៩ គ្រប់ៗគ្នា ដោយមិនមានការរើសអើងអ្វីទាំងអស់។ យកចិត្តទុកដាក់ផ្តល់មធ្យោបាយគាំទ្រសមស្របដើម្បីជួយដល់ជនងាយរងគ្រោះ ដូចជា អ្នកមានជំងឺប្រចាំកាយ មនុស្សចាស់ជរាខ្វះទីពឹង ជនពិការ សហគមន៍ក្រីក្រ សហគមន៍ឆ្ងាយដាច់ស្រយាលជាដើម ដើម្បីឱ្យពួកគាត់អាចទទួលវ៉ាក់សាំងកូវីដ-១៩ បានគ្រប់គ្នា។
បន្តជំរុញការអប់រំ ផ្សព្វផ្សាយខ្លឹមសានៃយុទ្ធនាការជាតិ ។ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩“ ដល់ បុគ្គល គ្រួសារ សហគមន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ ក្រុង រាជធានី-ខេត្ត នៅទូទាំងប្រទេស តាមរយៈអាជ្ញាធរថ្នាក់ក្រោមជាតិ និងដោយមានការចូលរួមពីសហគមន៍ ដូចជាការផ្សព្វផ្សាយតាមរយៈ ឧឃ្ឃោសន:សព្ទ ការបិទតាំងរូបភាពផ្ទាំងធំ ចែកចាយខិតប័ណ្ណ ការផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ និងបណ្ដាញសង្គមដល់ប្រជាជន ជាពិសេសដល់សហគមន៍ងាយរងគ្រោះ និងសហគមន៍ក្រីក្រជាដើម។
ណែនាំ និងចាត់វិធានការអប់រំ ផ្សព្វផ្សាយ និងតាមដានជាប្រចាំលើការអនុវត្តវិធានការសុខាភិបាលនៅតាមទីតាំង នានា ជាពិសេសទីតាំងដែលមានហានិភ័យខ្ពស់ទីតាំង៣ “ជ” (ទីតាំងមានមនុស្សច្រើនជួបជុំ ទីតាំងបិទជិតមិនមាន ខ្យល់ចេញចូលគ្រប់គ្រាន់ និងទីតាំងដែលមានមនុស្សនៅជិតៗគ្នា) ដូចជាទីផ្សារ ទីប្រជុំជន ភោជនីយដ្ឋាន ទីកន្លែង លក់អាហារ ផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ។ ពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៅតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ នៅពេលជួបជាមួយអតិថិជននៅ ក្នុងទីតាំងរបស់ខ្លួន។ ចាត់វិធានការរដ្ឋបាលដល់បុគ្គល អាជីវកម្មណា ដែលមិនគោរពតាមគោលការណែនាំរបស់ ក្រសួងសុខាភិបាល។
អាស្រ័យហេតុនេះ សូមលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ អនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់លើការអប់រំប្រជាពលរដ្ឋស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី មួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើនកុំទៅ កន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) នៅតែចាំបាច់បំផុត និងត្រូវអនុវត្តជាប់ជាប្រចាំ ទោះបីបុគ្គលទាំងអស់បានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។
សូម លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕
ដោយ៖ សុខ ខេមរា