ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលបម្រើការងារជាបុគ្គលិកកាសុីណូ៩៩៩សំរោងត្រូវបានអ្នកភូមិជួយសង្គ្រោះធ្វើចលនាដៃជើងរឹតទ្រូងនិងដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់ពីរអិលជើងធ្លាក់ពីលើដើមឈើដែលមានកម្ពស់ខ្ពស់នោះមក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នៅក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
យោងតាមមន្ត្រីនគរបាលបានឱ្យដឹងថាអ្នកស្លាប់មានឈ្មោះ រាជ សុភាព អាយុ ៣៩ឆ្នាំ មុខរបរជាបុគ្គលិកកាសុីណូ៩៩៩សំរោង ដែលមានទីលំនៅបច្ចប្បន្នស្ថិតក្នុងភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុបុរសខាងលើបានឡើងលើដើមឈើក្រោយមកមិនដឹងយ៉ាងម៉េចស្រាប់តែរអិលជើងធ្លាក់មកដីទល់ផ្អកត្រូវបានអ្នកភូមិនាំគ្នាជួយសង្គ្រោះដោយធ្វើចលនាដៃជើងនិងរឹតដើមទ្រូងរួចហើយដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត៕
ដោយ៖យឹម សុថាន