ទំនាក់ទំនងរវាងបារាំង នឹងចិន ប្រែក្លាយទៅជាតានតឹង ក្រោយពេលសមាជិកព្រឹទ្ធសភា ៤រូបរបស់បារាំងទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់រយៈពេល៥ថ្ងៃ។ មិនតែប៉ុណ្ណោះតំណាងរាស្ត្រទាំងនោះបានហៅកោះតៃវ៉ាន់ថាជា«ប្រទេសកោះ»បើទោះបីរងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិនក្តី។
អ្នកដឹកនាំគណៈប្រតិភូបារាំង គឺលោក Alain Richard អតីតរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានក្រុមមិត្តភាពជាមួយកោះតៃវ៉ាន់ដែលបានដឹកនាំគណៈប្រតិភូទៅកាន់តៃវ៉ាន់ក្រោយរយៈពេល ៣ឆ្នាំបានអាក់ខាន។
ប៉ុន្តែសកម្មភាពខាងលើត្រូវបានទីក្រុងប៉េកាំងចាត់ទុកថា សកម្មភាពរបស់បារាំងដែលហៅតៃវ៉ាន់ថាជាប្រទេសកោះ គឺជាសកម្មភាពរំលោភបំពានចិនតែមួយ ដែលសហគមន៍អន្តរជាតិទទួលស្គាល់ក្នុងនោះមានទាំងប្រទេសបារាំងផងដែរ ។ ចិនបានអំពាវនាវដល់បារាំងឱ្យគោរពដែនអធិបតេយ្យរបស់ចិន។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានសន្យាថានឹងសម្រេចឱ្យយ៉ាងពេញលេញនូវការបង្រួបបង្រួមជាតិជាមួយកោះតៃវ៉ាន់ដោយសនិ្តវិធី ហើយលើកនេះ លោកមិនបានព្រមានត្រង់ៗពីការប្រើប្រាស់កម្លាំងយោធានោះទេ។
ការសន្យារបស់លោក ស៊ី ជីនពីង កើតមានឡើងក្នុងសុន្ទរកថាមួយនៅឯសាលវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង នាឱកាសប្រារព្ធខួបនៃការធ្វើបដិវត្តន៍ផ្ដួលរំលំរបបរាជានិយមចិនកាលពីឆ្នាំ១៩១១ នៅថ្ងៃសៅរ៍នេះ។ លោក ស៊ី ជីនពីង បានបញ្ជាក់ដូច្នេះថា «ការបង្រួបបង្រួមជាតិដោយសន្តិវិធី គឺជាផលប្រយោជន៍រួមសម្រាប់ប្រជាជនតៃវ៉ាន់ ប៉ុន្តែចិននឹងការពារដែនអធិបតេយ្យភាពរបស់ខ្លួន និងឯកភាពជាតិ»។ លោកបន្ថែមថាគ្មាននរណាម្នាក់អាចមើលស្រាលពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងសមត្ថភាពដ៏ខ្លាំងក្លារបស់ប្រជាជនចិនក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីបានឡើយ»៕ ដោយ៖ធីរីណា
រូបថត៖CNA
ប្រភពរូបថត៖ AFP