ខេត្តប៉ៃលិន ៖ ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង បានប្រើកម្មករកាប់រំលំដើមឈើ (អាកាស្យា) ចំនួន២ដើម នៅក្បែរចិញ្ចើមផ្លូវ ខាងមុខស្ថានីយ៍របស់ខ្លួន ដែលអាជ្ញាធរខេត្តខិតខំដាំ ថែទាំរហូតដល់ធំ សម្រាប់ជាម្លប់ និងលម្អតាមដងផ្លូវសាធារណៈលុះនាំគ្នាកាប់មិនបានសុំច្បាប់ពីអាជ្ញាធរមូលដ្ឋាន ត្រូវបានខាងជំនាញរដ្ឋបាលព្រៃឈើធ្វើការផាកពិន័យចំនួន៧លានរៀល និងឱ្យដាំសារជាថ្មីឡើងវិញ ។
ទើបរហូតមកដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ គណ:កម្មការស្រុក ដឹកនាំដោយលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានចុះសម្របសម្រួល និងដោះស្រាយបញ្ហាខាងលើ ។
បើតាមប្រភពព័ត៌មានពីលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងកាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះថា ពាក់ព័ន្ធនឹងការកាប់ដើមឈើ ដែលអាជ្ញាធរខេត្ត បានដាំនៅលើដងផ្លូវ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាកាប់ ដោយគ្មានច្បាប់អនុញ្ញាត ក៏មានសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះ តាមពិតទៅដើមឈើទាំងអស់នោះ កើតឡើងដោយសារតែការអភិវឌ្ឍ ស្នាដៃដ៏ធំធេងរបស់លោក អ៊ី ឈាន ដែលលោកបានបង្កើតបានជាផ្លូវ ហើយដាំដើមឈើ ទុកឱ្យប្រជាពលរដ្ឋថែ ដើម្បីបង្កើតបានជាអនុស្សាវរីយ៍ ពេលលោកឡើងកាន់ជាអភិបាលខេត្តប៉ៃលិន ដើម្បីលម្អដងផ្លូវសាធារណៈ មិនមែនចេះតែដុះខ្លួនឯងនោះទេ ។
លោកបន្តទៀតថា ជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈដែលលួចកាប់ដើមឈើនេះ មិនបានជម្រាប ឬសុំច្បាប់ទៅ អាជ្ញាធរមូលដ្ឋាននោះឡើយ ដោយពីមុនធ្លាប់ទៅសុំខាងស្រុកម្តងពីបញ្ហាកាប់ដើមឈើចំនួន៥ដើម ដើម្បីមានផ្លូវចូលទៅក្នុងស្ថានីយ៍ប្រេងរបស់ខ្លួន ។ តែមិនអនុញ្ញាតឱ្យគាត់កាប់នោះឡើយ ទាល់តែ សុំច្បាប់ទៅខាងផ្នែករដ្ឋបាលព្រៃឈើ ហើយក៏បានប្រាប់ឱ្យគាត់ស្តាប់តាមអាជ្ញាធរស្រុកខេត្ត ដើម្បី ឱ្យគណ:កម្មការចម្រុះ ដែលគ្រប់គ្រងសម្បត្តិរដ្ឋ ចុះទៅវាយតម្លៃលើការប៉ះពាល់ ឬខូចខាតនៅកន្លែងរបស់ខ្លួន ។
លោកបញ្ជាក់ទៀតថា ការកាប់ដើមឈើនេះ មិនមែន២ដើមនោះទេ គឺលួចកាប់រហូតដល់ទៅ៤ដើមរួចមកហើយ ដោយជាក់ស្តែង ខណ:ដែលគាត់បន្តកាប់ពីរដើមទៀត គឺលួចកាប់ ដោយខាងអាជ្ញាធរតាមទាន់ ព្រោះកន្លែងចូលទៅក្នុងស្ថានីយ៍របស់គាត់ អត់មានផ្លូវនោះទេ ។ ការ កាប់ដើមឈើដែល អាជ្ញាធរខេត្ត បានដាំនៅក្បែរចិញ្ចើមផ្លូវនេះ ទោះបីជារស់ ឬងាប់ក៏ដោយមិនអាចប្រជាពលរដ្ឋ កាប់ដោយខ្លួនឯងបានឡើយ ។ ម្យ៉ាងវិញទៀត ដើមឈើទាំងនេះ មិនមែនងាប់ នោះទេ គឺនៅស្រស់ញញឹមតែម្តង ដោយគាត់ឱ្យគេកាប់ទាំងបំពានតែម្តង ។
ម្យ៉ាងវិញទៀត រឿងនេះមើលទៅតូចតាចទេ បើសិនជាអ្នកដែលលួចកាប់ដើមឈើខាងលើនេះហើយ ហ៊ានសុំទោស ទទួលយកការផាកពិន័យតិចតួចពីខាងរដ្ឋបាលព្រៃឈើនោះជាការស្រេច ។ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក អោម វីរ: នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យដឹងថា ៖ ខាងលោកពិន័យចំពោះប្រជាពលរដ្ឋ ដែលលួចកាប់ដើមឈើ ដែលអាជ្ញាធរខេត្ត ខិតខំដាំលំអនៅលើចិញ្ចើមផ្លូវសាធារណ:ទៅតាមផ្លូវច្បាប់ ហើយនឹងហៅម្ចាស់ស្ថានីយ៍ប្រេងឥន្ធន:ខាងលើទៅជួបសួរនាំបន្ថែម ។ តែបើចរចាគ្នាមិនត្រូវទេ ពោលគឺម្ចាស់កន្លែងខាងលើ មិនព្រមបង់ថ្លៃផាកពិន័យ ខាងលោកនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ៕
ដោយ៖ ស សារ៉េត