គិតត្រឹមថ្ងៃទី១០ខែតុលា នៅទូទាំងពិភពលោកមានវ៉ាក់សាំងចំនួន ៦,៤៨ពាន់លានដូសហើយត្រូវបានចាក់ជូនពលរដ្ឋ។ ក្នុងរយៈពេលមួយថ្ងៃមានវ៉ាក់សាំងចំនួនជាង ២៣លានដូសបានចាក់ជូនពលរដ្ឋ។ ក្នុងចំណោមវ៉ាក់សាំងដែលបានចាក់ជូនពលរដ្ឋនោះភាគច្រើនស្ថិតនៅក្នុងប្រទេសអ្នកមាន ចំណែកប្រទេសក្រីក្រទើបតែចាក់បាន២,៥%ប៉ុណ្ណោះ។
ប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេគឺប្រទេសចិន ដែលមកទល់ពេលនេះចិនសម្រេចបានការចាក់វ៉ាក់សាំងជាង «២.២២ពាន់លានដូស» ។ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជាង ២.២២ពាន់លានដូសហើយត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស ។
ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់១០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក។
គួរបញ្ជាក់ថា ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើននៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕
ដោយ៖ធីរីណា(ប្រភព៖TTXVN-VNA)