ខេត្តព្រះវិហារ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈទៅកាត់ដើមឈើដួលសង្កត់លើ ។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចអូរស្វាយ ចម្ងាយប្រហែល០៧ គីឡូម៉ែត្រពីភូមិ ស្ថិតក្នុងភូមិសាស្ត្រភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ។
ជនរងគ្រោះឈ្មោះ ឆាំ ឈឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ អ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ ភាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
កម្លាំងជំនាញអធិការដ្ឋាន សហការជាមួយប៉ុស្តិ៍នគរបាល បានចុះទៅដល់កន្លែងកើតហេតុ ។ តាមការពិនិត្យរបស់សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះពិតជាបានកាប់ដើមឈើដួលសង្កត់ ដោយខ្លួនឯងពិតប្រាកដមែន ។ សពត្រូវបានប្រគល់ជូនឲ្យសាច់ញាតិយកទៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស សម