ព័ត៌មានទាន់ហេតុការណ៍៖

លោក រដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ លោក នីកូឡា សេឡាកូវិច (Nicola Selakovic) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ម្សិលមុិញ លោក រដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ លោក នីកូឡា សេឡាកូវិច (Nicola Selakovic) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី។

សូមជម្រាបជូនថា, នាវេលាម៉ោង ០៩:០០ ព្រឹកថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបសំដែងការគួរសមនិងពិភាក្សាការងារទ្វេភាគីជាមួយ លោក នីកូឡាសេឡាកូវិច (Nicola Selakovic) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី នៅទីស្តីការក្រសួងការបរទេសស៊ែប៊ី នៅក្នុង ឱកាសដែលលោកអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃ ការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២១ នៅ ទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អ៊ុច បូររិទ្ធ និងលោក នីកូឡា សេឡាកូវិច(Nicola Selakovic រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី បានធ្វើការពិភាក្សាផ្លាស់ប្តូរមតិគ្នាដោយផ្តោត សំខាន់លើចំណងមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរប្រកបដោយផ្លែផ្ការរវាង ប្រទេសទាំងពីរពូនជ្រុំដោយអតីតអ្នកដឹកនាំដ៏ឆ្នើមប្រទេសទាំងពីរតាំងពីឆ្នាំ១៩៥៧ និងគូសបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ។ល។ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ នៅក្នុងស្មារតី នេះ លោករដ្ឋមន្ត្រីការបរទេសស៊ែប៊ី បានបញ្ជាក់ថា រដ្ឋាភិបាលស៊ែប៊ី បានត្រៀមខ្លួនជាស្រេចក្នុងការ ទទួលស្វាគមន៍យ៉ាងកក់ក្ដៅដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ ប្រទេសស៊ែប៊ី ដែលបានគ្រោងទុករួចមកហើយ ដើម្បីធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ស៊ែប៊ី-កម្ពុជា កាន់តែទូលំទូលាយស៊ីជម្រៅថែមទៀត។ ទន្ទឹមនេះ លោក នីកូឡា សេឡាកូវិច បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលស៊ែប៊ីកំពុងពិចារណាបើកស្ថានបេសកកម្មរបស់ខ្លួននៅ តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅកម្ពុជា ហើយនៅក្នុងបំណាច់ឆ្នាំនេះរដ្ឋាភិបាលស៊ែប៊ី និងបញ្ជូន គណៈប្រតិភូរបស់ខ្លួនទៅទស្សនកិច្ច នៅបណ្ដាប្រទេសក្នុងតំបន់ និងកម្ពុជា ដើម្បីសិក្សាអំពីបញ្ហានេះ។

ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ រវាងប្រទេសទាំងពីរ ភាគីស៊ែប៊ីបានអះអាងថា សភាស៊ប៊ីនឹងផ្តល់សន្យាប័នក្នុងពេលឆាប់ៗខាងមុខ នេះ។ លើសពីនេះទៅទៀត ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការវិស័យការទូតសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត និងឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាក អន្តរជាតិ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖