បណ្តាហាងលក់កាហ្វេ លក់ទំនិញ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ… ក្នុងទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីបានចាប់ផ្តើមបើកទ្វារឡើងវិញនៅថ្ងៃទី១១ខែតុលា ដែលជាការចាប់ផ្តើមទទួលស្វាគមន៍អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស។
ហាងលក់ស្រានៅទីក្រុងស៊ីដនីដែលជាទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលីបានចាប់ផ្តើមបើកទ្វារដំណើរការនៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១១ខែតុលា ។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា មនុស្សជាច្រើនបានជួបជុំគ្នា ផឹកស្រា អបអរសាទរថ្ងៃលុបបម្រាមនៅក្នុងទីក្រុងនេះ។
អភិបាលរដ្ឋ New South Wales លោក Dominic Perrottetបានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំចាត់ទុកថ្ងៃនេះជាថ្ងៃសេរីភាពរបស់យើង។ យើងបាននិងកំពុងតែចាកចេញពីកូវីដ-១៩ ប៉ុន្តែនេះក៏ជាឧបសគ្គផងដែរប្រសិនបើមានការឆ្លងរាលដាលជាថ្មីនោះ។
មកទល់ពេលនេះចំនួនពលរដ្ឋអូស្ត្រាលីដែលបានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ គ្រប់ចំនួនពីរដូស មានអាយុចាប់ពី១៦ឆ្នាំឡើងទៅ នៅក្នុងរដ្ឋ New South Wales កើនឡើងដល់ទៅ ៧៤%។ ប៉ុន្តែនៅក្នុងរដ្ឋផ្សេងទៀតដូចជា ឃ្វីនស៍ឡែន ទើបតែចាក់បាន៥២%ប៉ុណ្ណោះ។
នៅក្នុងរដ្ឋ New South Wales ថ្ងៃទី១១ខែតុលាបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៤៩៦នាក់ គឺថយចុះជាច្រើនបើប្រៀបធៀបនឹងខែកញ្ញាដែលមានរហូតដល់ទៅជាង១៦០០នាក់ ។ នៅពេលនេះដែរ ពលរដ្ឋក្នុងទីក្រុងស៊ីដនីអាចជួបជុំគ្នាបានត្រឹម១០នាក់នៅក្នុងផ្ទះ សម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់ ។ ចំណែកពិធីរៀបការ បុណ្យសព …អាចជួបជុំគ្នាបានដល់ទៅ១០០នាក់៕
ដោយ៖ធីរីណា(រូបថត៖ EPA-EPE)