ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រយ័ត្នបុកបុរសចំណាស់ម្នាក់មានជំងឺវិកលចរិតដើរតាមផ្លូវរងរបួសធ្ងន់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់មានជំងឺវិកលចរិត ខណ:កំពុងដើរតាមផ្លូវសុខៗស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបើកមកបុកពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងអ្នកធ្វើដំណើរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១២នាទីយប់ថ្ងៃទី១០ ខែ​ តុលា ឆ្នាំ ២០២១ លេីផ្លូវជាតិលេខ៣១៤D ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧-១៨ ក្នុងភូមិត្រពាំងត្រាវ ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍បានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះខៀវ ណម  អាយុ៦២ឆ្នាំ មានជំងឺវិកលចរិត មានទីលំនៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ចំណែកអ្នកបើកម៉ូតូមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយពេលបង្កហេតុរួចបានបើកម៉ូតូគេចខ្លួនបាត់ភ្លាមៗ។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសចំណាស់ដែលគេស្គាល់ថាជាមនុស្សវិកលចរិតបានដើរតាមផ្លូវម្នាក់ឯងលេីផ្លូវជាតិលេខ ៣១៤D ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧និង១៨ក្នុងទិសដៅកើតទៅលិច ខណៈនោះដោយមេឃងងឹតផងស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបានបើកស្របទិសគ្នាបុកជនរងគ្រោះពីក្រោយពេញទំហឹងរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងអ្នកធ្វើដំណើរ។

ក្រោយមក អ្នករងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីសង្គ្រោះជីវិត៕

ដោយ៖យឹម សុថាន


ចែករំលែក៖