ព័ត៌មានទាន់ហេតុការណ៍៖

សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នៅវិទ្យាល័យស្វាយរៀង បានចូលរៀនវិញជាធម្មតា ​​ ក្នុង​បរិបទ​រៀន​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩

ចែករំលែក៖

​ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តនឹងជាតំណាង លោកម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះត្រួតពិនិត្យមើលដំណើរការរៀន និងបង្រៀនឡើងវិញសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅវិទ្យាល័យស្វាយរៀងស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានមានប្រសាសន៍ថា តាំងនាមតំណាងឱ្យគណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សូមសម្ដែងនូវគារវ:កិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានរបស់លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តដែលបានឆ្លៀតពេលដ៏មមាញឹកនិងមានតម្លៃក្នុងការអញ្ជើញចុះពិនិត្យដំណើរការរៀន និងបង្រៀនឡើងវិញនៅវិទ្យាល័យស្វាយរៀង ​​ ក្នុង​បរិបទ​រៀន​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩​។

លោក នាយក​វិទ្យាល័យ​ស្វាយរៀង ​បានឱ្យដឹងបន្តទៀតថា ការបើក​វិទ្យាល័យ​ថ្ងៃនេះ​ជា​ជំ​ហាន​ដំបូង​ខាង​គណៈ​គ្រប់គ្រង​សាលា​សម្រេច​ឲ្យចូល​រៀន​ពី​ថ្នាក់​ទី​៩​ និង​ថ្នាក់​ទី​១២​ សុទ្ធតែ​ថ្នាក់​ដែល​ត្រូវ​ប្រឡង ហើយ​បែង​ចែក​ពីរ​ពេល​ ថ្នាក់​ទី​៩​រៀន​ពេលល្ងាច ចំណែក​ថ្នាក់​ទី​១២​រៀន​ពេល​ព្រឹក​។

លោក  បាន​ណែនាំ​ដល់លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំង​អស់​ឲ្យមានការ​យកចិត្តទុកដាក់​ខ្ពស់​អំពីបញ្ហា​សុខភាព​គឺ ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួននូវ​វិធានការ “៣​ការពារ ៣កុំ​” ជាពិសេស​ត្រូវ​ចេះ​ការពារ​ខ្លួនឯង​រៀងៗ​ខ្លួន​ពី​ជំងឺ​កូ​វីដ-​១៩​។

លោក បានបន្ថែមទៀតថា ក្នុងករណី​បើមាន​អាការៈមិន​ស្រួល ឬ​មាន​រោគសញ្ញា​សង្ស័យ ត្រូវប្រញាប់​រាយការណ៍​ទៅ​ឲ្យ​លោកគ្រូ អ្នកគ្រូ ដើម្បី​រៀបចំ​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​ធ្វើការព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលាដើ​ម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រាល​​ដាល​ទៅ​អ្នក​ដទៃទៀត ៕

ដោយ៖យឹម សុថាន


ចែករំលែក៖