ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក សរ ស៊ីនឿន អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក នៅសង្កាត់កាកាបទី២

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេកកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន មេបញ្ជាការរង និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកងទ័ពជើងគោក បានដឹកនាំសមាសភាពក្រុមការងារចុះពិនិត្យដំណើរការផ្ដល់សេវាវ៉ាក់សាំងដូសទី៣ ( ដូសជម្រុញ ) ប្រភេទស៊ីណូវ៉ាក់ (Sinovac)  ដែលត្រូវបានក្រុមគ្រូពេទ្យកងឯកភាព បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក កំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ កម្មការិនី និងជនបរទេស នៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជ ធានីភ្នំពេញ។

នៅក្នុងឱកាសចុះត្រួតពិនិត្យនេះផងដែរឧត្តមសេនីយ៍ឯក សរ ស៊ីនឿន បានសំដែងនូវការកោតសរសើរចំពោះក្រុមការងារចាក់វ៉ាក់សាំង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាល្អរៀបចំទីតាំងគ្រប់គ្រងសភាពការណ៍ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈល្អ និងរៀបចំនីតិវិធី ផ្ដល់សេវាវ៉ាក់សាំងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដោយការទទួលខុសត្រូវខ្ពស់ និងជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី អំពីការមកទទួលសេវាវ៉ាក់សាំង ដើម្បីឱ្យត្រឹមត្រូវតាមគោលការណ៍កំណត់របស់ក្រុមការងារប្រតិបត្តិ។ 

ឧត្តមសេនីយ៍ឯក សរ សុីនឿន បានផ្ដាំផ្ញើដល់ក្រុមការងារគ្រូពេទ្យ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សូមឲ្យបន្តសហការគ្នាល្អទាំងកិច្ចការគ្រប់គ្រងសភាពការណ៍ សន្តិសុខសាធារណៈ និងនីតិវិធីផ្ដល់សេវាវ៉ាក់សាំង ឱ្យមានតម្លាភាពត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសរបស់ក្រសួងសុខាភិបាល នឹងបន្តឲ្យអាជ្ញាធរអំពាវនាវបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ កម្មការិនី ដែលបានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ ត្រឹមត្រូវតាមរយៈពេលកំណត់មកទទួលសេវាវ៉ាក់សាំងដូសទី៣ (ដូសជ្រុញ) ឲ្យបានគ្រប់គ្នា និងសូមឱ្យគោរពវិធានការការពារនានារបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនទោះបីយើងបានទទួលសេវាវ៉ាក់សាំងដូសទី៣ រួចហើយក៏ដោយ។

សូមបញ្ជាក់ជូនផងដែរថាក្នុងផែនការរួមនៅក្នុងយុទ្ធនាការផ្ដល់សេវាវ៉ាក់សាំងដូសទី៣ ឬហៅថាដូសជម្រុញ របស់ក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ដែលត្រូវចាក់ជូនសរុបចំនួនជិត ៨០,០០០នាក់ ស្ថិតនៅក្នុងភូមិទាំង៥ របស់សង្កាត់កាកាបទី២ និង ០២ភូមិ របស់សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំពោះវិធានការចាត់តាំងអនុវត្ត អង្គភាពបានរៀបចំបែងចែកក្រុមការងារប្រតិបត្តិចុះចាក់វ៉ាក់សាំងជាពីរគោលដៅផ្សេងគ្នា ដោយគោលដៅទី១ ឈរជើងនៅមូលដ្ឋានការពារអាកាស (ទួលត្រាច) ភូមិព្រៃទា១ ព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងគោលដៅទី២ ឈរជើងនៅភូមិក្បាលដំរី២ (ទល់មុខវិមានសពវៀតណាម) សង្កាត់កាកាបទី២  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះរោងចក្រ ស៊ីង ស៊ឹង ស៊ីង និងរោងចក្រ SH ZHIYANG បានឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន ៣០កេស និងទឹកក្រូចចំនួន ១០កេស ដល់ក្រុមការងារចាក់វ៉ាក់សាំងផងដែរ ៕


ដោយ ៖ សិលា


ចែករំលែក៖